ប្ដីល្អក្នុងលោក! រៀបការ ៦ ឆ្នាំចាប់បានប្រពន្ធក្បត់ ៥ ដងហើយ នៅតែអត់ទោសឱ្យ
រឿងរ៉ាវជីវិតគ្រួសាររបស់បុរសម្នាក់ ហាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកបានទម្លាយថា រៀបការជាមួយគ្នា ៦ ឆ្នាំ លោកចាប់បានភរិយាក្បត់ចិត្តលួចលាក់ស្នេហាជាមួយអ្នកផ្សេង ៥ ដងនៅតែលើកទោសទម្រាំទ្រាំលែងបាន ប្ដឹងលែងលះ។
បុរសម្នាក់ឈ្មោះថា Wang រស់នៅទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំ និងភរិយាបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២១ ខ្ញុំបានប្ដឹងលែងលះបន្ទាប់ពីខ្ញុំមិនអាចទទួលយកទង្វើក្បត់របស់ប្រពន្ធខ្ញុំបានទៀត។ អំឡុងពេលរស់នៅជាមួយគ្នា ៦ ឆ្នាំនោះ ខ្ញុំចាប់បាននាងក្បត់ចិត្តខ្ញុំ ៥ ដង ដោយខ្ញុំព្យាយាមបិទភ្នែកធ្វើមើលមិនឃើញ ហើយក៏មិនរករឿងអ្វី ព្រោះតែមិនចង់ឱ្យមានរឿងឈ្លោះទាស់ទែងក្នុងគ្រួសារ»។
«ពេលខ្ញុំដាក់ពាក្យលែងលះ នាងប្រកែកមិនព្រមទេ ដោយនាងមិនចង់មានឈ្មោះជាស្រីមេម៉ាយ ហើយនាងទាមទារចិញ្ចឹមកូន ប៉ុន្ដែខ្ញុំ និងម្ដាយខ្ញុំមិនព្រមនោះទេ ព្រោះតែពួកយើងបារម្ភខ្លាចកូនរស់នៅគ្មានភាពកក់ក្ដៅជាមួយម្ដាយបែបនេះ»។
ចំណែកស្ត្រីជាភរិយា បានធ្វើការបកស្រាយថា៖ «តាំងពីពួកយើងរៀបការ ខ្ញុំមិនដែលរស់នៅបានសុខទេ ប្ដីខ្ញុំ និងម្ដាយក្មេកតែងធ្វើបាបខ្ញុំ វាយខ្ញុំ សូម្បីតែពេលខ្ញុំមានទម្ងន់ក៏ពួកគេមិនដែលលើកលែងដែរ។ ហើយខ្ញុំមានសម្ពាធផ្លូវចិត្តជាខ្លាំង ជាពិសេសនៅពេលដែលប្ដីខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ រាងកាយមិនរឹងមាំដូចមុន។ ក្រោយពេលជាជំងឺ គាត់មិនអាចរកការងារធ្វើបាន ដែលជាហេតុធ្វើឱ្យខ្ញុំត្រូវទៅធ្វើការនៅស្រុកឆ្ងាយដើម្បីរកលុយចិញ្ចឹមគ្រួសារ»។
«ពេលដែលខ្ញុំទៅធ្វើការឆ្ងាយ មិនមានអ្នកណាខ្វល់ពីខ្ញុំ ឬសួរសុខទុក្ខនោះឡើយ ដោយពួកគេគិតតែពីរឿងលុយឱ្យខ្ញុំផ្ញើមកផ្ទះ។ ខ្ញុំមានអារម្មណ៍ថាឯកា និងត្រូវការក្ដីស្រឡាញ់ ហើយពេលមានអ្នកមកចែចង់ខ្ញុំ បេះដូងខ្ញុំមិនអាចបដិសេធបានទេ គឺចង់បានភាពកក់ក្ដៅ ទើបខ្ញុំចាប់ផ្ដើមគិតថាខ្ញុំគួរធ្វើអ្វីឱ្យខ្លួនឯងមានក្ដីសុខខ្លះ។ បើសិនជាលែង ខ្ញុំព្រមលែង ប៉ុន្ដែខ្ញុំមិនព្រមឱ្យកូនខ្ញុំទៅអ្នកណាចិញ្ចឹមទេ»។
ចុងបញ្ចប់តុលាការបានសម្រេចកាត់ក្ដីឱ្យកូនទៅខាងគ្រួសារស្វាមីចិញ្ចឹម ព្រោះតែស្ត្រីជាភរិយាបានធ្វើខុសនឹងច្បាប់អាពាហ៍ពិពាហ៍ដែលលួចលាក់មានស្នេហាផ្សេង បើទោះបីជានាងជាម្ដាយក៏ដោយ៕