ស្រ្តេសមែនទេ? នៅហ្វីលីពីន មានសេវាកម្មយកពស់ថ្លាន់មកម៉ាស្សាបំបាត់ស្រ្តេស តម្លៃត្រឹម ៥ ដុល្លារ
ថ្មីៗនេះ សេវាកម្មថ្មីមួយ កំពុងតែផ្ទុះការគាំទ្រនៅប្រទេសហ្វីលីពីនជាខ្លាំង គឺការយកសត្វពស់ថ្លាន់មកម៉ាស្សានៅលើខ្លួន ដែលមិនធ្លាប់ឃើញពីមុនមកនោះទេ។
តាមព័ត៌មានបានឱ្យដឹងថា កន្លែងម៉ាស្សាចម្លែកមួយនេះ គឺស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នាខេត្ត Aklan ប្រទេសហ្វីលីពីន ដែលម្ចាស់បានឱ្យដឹងថា ថ្ងៃមួយខ្លួនបានសាកល្បងឱ្យសត្វពស់ថ្លាន់វានៅលើខ្លួន ហើយក៏មានអារម្មណ៍ថាដូចជាការម៉ាស្សា ទើបនឹកឃើញមកបើកជាសេវាកម្មឱ្យមហាជន រហូតទទួលបានការគាំទ្រជាបន្តបន្ទាប់បែបនេះ។
ម្ចាស់កសិដ្ឋានបានបន្តទៀតថា ក្នុងសេវាកម្មនេះ ខ្លួនពស់ថ្លាន់មកបម្រើ ព្រោះជាពស់មិនមានពិស មានសុវត្ថិភាព ម្យ៉ាងទៀតខណៈប្រើប្រាស់សេវាកម្ម ក៏មានអ្នកជំនាញនៅចាំមើលយ៉ាងដិតដល់ផងដែរ ធានាថាមិនឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនោះទេ។ ចំណែកតម្លៃវិញ គឺប្រហែលជា ៥ ដុល្លារ ក្នុងរយៈពេលកន្លះម៉ោង។
យ៉ាងណាមិញ អ្នកដែលធ្លាប់ទទួលសេវាកម្មម្នាក់ បានឱ្យដឹងថា ការម៉ាស្សានេះ មិនត្រឹមតែធ្វើឱ្យធូរស្បើយអារម្មណ៍នោះទេ តែវាក៏អាចជួយកាត់បន្ថយការខ្លាចពស់ផងដែរ ជាពិសេសនៅពេលដែលពួកវាវារនៅលើខ្លួន ប៉ះជាមួយនឹងភាពត្រជាក់របស់ពួកវាទៀតនោះ ធ្វើឱ្យមានអារម្មណ៍ថា ឈាមនៅក្នុងរាងកាយរត់បានល្អណាស់ ពិតជាបាត់ស្រ្តេសពិតមែន៕