រៀបការចូលផ្ទះប្ដីមិនទាន់បានមួយថ្ងៃ កូនប្រសាស្រីឈ្លោះគ្នាជាមួយម៉ែក្មេករឿងកម្រាលពូក
ជារឿយៗរឿងម៉ែក្មេកឈ្លោះគ្នាជាមួយកូនប្រសា តែងកើតមានឡើងមិនថានៅក្នុងរឿងភាគ ឬ ជីវិតពិតនោះទេ។ ជាក់ស្ដែងថ្មីៗនេះ មានករណីកូនប្រសាចិត្តក្ដៅឈ្លោះគ្នាជាមួយម៉ែក្មេកដោយសាររឿងកម្រាលពូក ទាំងដែលរៀបការចូលផ្ទះស្វាមីមិនទាន់បានមួយថ្ងៃស្រួលបួលផង។
រឿងរ៉ាវមួយនេះបានកើតឡើងនៅឯខេត្ត Jiangsu ប្រទេសចិន ដោយតាមការចុះផ្សាយរបស់សារព័ត៌មានចិនបានរៀបរាប់ឱ្យដឹងថា ៖ «ពិធីមង្គលការរបស់កូនកំលោះក្រមុំថ្មីថ្មោងគូនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការសាទរពីសាច់ញាតិបងប្អូនជិតឆ្ងាយជាច្រើន តែស្រាប់តែមានបញ្ហាពេលកម្មវិធីបញ្ចប់ នៅពេលកូនក្រមុំចូលបន្ទប់ផ្សំដំណេក ឃើញពណ៌កម្រាលពូកហើយស្រឡាំងកាំង»។
«កូនក្រមុំបានខឹងជាខ្លាំង ព្រោះតែនាងឃើញកម្រាលពូកពណ៌ខៀវ ជំនួសឱ្យពណ៌ក្រហមដែលជាពណ៌មង្គលនៅថ្ងៃល្អ។ ឃើញបែបនេះនាងក៏បានតវ៉ាឈ្លោះគ្នាជាមួយម្ដាយក្មេកឱ្យប្ដូរចេញ ដោយសារតាមជំនឿបុរាណចិនថាការដែលមិនប្រើក្រណាត់ពណ៌ក្រហមអាចនឹងធ្វើឱ្យអាពាហ៍ពិពាហ៍ជួបសំណាងមិនល្អ ហើយជីវិតរៀបការមិនជោគជ័យ។ នាងដឹងទៀតថា ម្ដាយក្មេករៀបដាក់ពណ៌ខៀវនេះ គឺដើម្បីពិសោធមើលថានាងនៅមានភាពបរិសុទ្ធទេ»។
ក្រោយមករឿងនេះក៏បានក្លាយជាប្រធានបទក្ដៅលើប្រព័ន្ធអ៊ីនធឺណេត ដោយមានមហាជនជាច្រើនធ្វើការវែកញែក ដោយខ្លះបានពោលថា ៖ «ហេតុអ្វីកូនកំលោះមិនចេញមុខមកដោះស្រាយ ឬ ត្រូវតាមម្ដាយគ្រប់យ៉ាង?», «ខ្ញុំគិតថាអ្នកទាំងពីរមានកំហុសដូចគ្នា ម្ដាយក្មេកគិតពីរឿងភាពបរិសុទ្ធខ្លាំងពេក ចំណែកកូនប្រសាមានចិត្តឆេវឆាវ», «មានម្ដាយក្មេកតាមចាប់កំហុសបែបនេះ ជីវិតគូរស់នៅមិនស្រួលឡើយ»៕