ការសិក្សាថ្មីរកឃើញថា អ្នកដែលមានលុយច្រើន សប្បាយចិត្តជាងអ្នកដែលមានលុយតិច
«លុយ មិនអាចទិញក្ដីសុខសុភមង្គលបានឡើយ» សុភាសិតមួយនេះ គឺអាចនឹងពិបាកស្វែងយល់បន្តិច ព្រោះថាទស្សនៈរបស់មនុស្សខ្លះអាចនឹងយល់ស្រប ខណៈខ្លះទៀតក៏បែរជាគិតថាមិនត្រូវនោះឡើយ។ មនុស្សមួយចំនួនធំ គឺបានគិតថា ពេលមានទ្រព្យលែងខ្វះមុខខ្វះក្រោយ ក្ដីសុខរបស់ពួកគេបែរជាកាត់បន្ថយទៅវិញ ស្របពេលមនុស្សមួយចំនួនទៀត បានអះអាងថា ពេលដែលមានលុយលែងខ្វះខាត ពេលនោះហើយគឺជាពេលដែលមានក្ដីសុខបំផុត។
យ៉ាងណាមិញ ខណៈពេលដែលទំនាក់ទំនងរវាងទ្រព្យសម្បត្តិលុយកាក់ និង ក្ដីសុខសុភមង្គលនេះ នៅតែមានការគិតខុសៗគ្នានោះ ឥលូវនេះ អ្នកជំនាញក៏បានសិក្សាលើសុភាសិតមួយនេះ ហើយក៏ធ្វើការពិសោធលើមនុស្សជាច្រើន ដោយជាលទ្ធផលទទួលបាននោះគឺរកឃើញថា «លុយ ពិតជាអាចទិញសុភមង្គលបានពិតប្រាកដមែន»។
តាមការសិក្សានាពេលថ្មីៗនេះ ជនជាតិអាមេរិកភាគច្រើន ជឿជាក់ថា ការដែលមានលុយ គឺអាចធ្វើឱ្យពួកគេកាន់តែមានក្ដីសុខ។ ជាការបញ្ជាក់ឱ្យកាន់តែច្បាស់ លោក Daniel Kahneman និង Matthew Killingsworth អ្នកជំនាញមកពីមហាវិទ្យាល័យ Princeton និង មហាវិទ្យាល័យ Pennsylvania ក៏បានធ្វើការសិក្សាពិសោធលើករណីនេះ។
តាមការសិក្សារបស់លោក Kahneman និង លោក Killingsworth កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា នៅពេលដែលប្រាក់ចំណូលដែលរកបានកាន់តែកើនឡើង នោះក្ដីសុខរបស់មនុស្សក៏ឡើងតាមនោះដែរ។ ការសិក្សារបស់លោក គឺធ្វើឡើងតាមការវាយតម្លៃព័ត៌មានដែលធ្វើឡើងលើពលរដ្ឋអាមេរិកចំនួន ៣៣ ០០០ នាក់ ដោយអ្នកដែលមានប្រាក់ខែទាបបំផុតគឺ ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
តាមរបាយការណ៍សិក្សាថ្មី ដែលបានចេញផ្សាយលើ Proceedings of the National Academy of Sciences អ្នកជំនាញទាំង ២ រូបនេះ បានធ្វើការប្រមូលទិន្នន័យដោយប្រើប្រាស់កម្មវិធីមួយលើទូរស័ព្ទ ដែលកម្មវិធីនោះ បង្ហាញឱ្យឃើញពី អារម្មណ៍របស់មនុស្សប្រចាំថ្ងៃ។ ក្រោយមក ពួកគេក៏បានធ្វើការគណនាទិន្នន័យដែលទទួលបាន ដោយប្រៀបធៀបអារម្មណ៍របស់មនុស្សទាំងនោះ ទៅនឹងប្រាក់ចំណូលរបស់ពួកគេ ដែលជាលទ្ធផល ពួកគេបានរកឃើញថា មនុស្សដែលមានប្រាក់ចំណូលរហូតដល់ ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺមានអារម្មណ៍រីករាយជាងអ្នកដែលមានប្រាក់ចំណូលទាប។ យ៉ាងណាមិញ ក៏មានករណីលើកលែងចំពោះអ្នកដែលមានទ្រព្យសម្បត្តិច្រើនស្រាប់ តែមិនមានក្ដីសុខ។
ដូច្នេះហើយ ការមានទ្រព្យ មានលុយកាក់ច្រើនស្រាប់ៗ មិនប្រាកដថាអាចជួយឱ្យយើងកាន់តែរីករាយនោះទេ ប៉ុន្តែសម្រាប់មនុស្សមួយភាគធំ ដែលមានលុយកាក់ច្រើនពីការខិតខំ ឬ តាមករណីផ្សេងៗទៀតនោះ គឺពិតជាអាចជួយឱ្យពួកគេកាន់តែមានក្ដីសុខពិតប្រាកដមែន៕