លួចងើបម៉ោង ១ យប់លេងហ្គេម មានអីឪពុកសុំច្បាប់សាលាឱ្យអង្គុយលេងពេញមួយថ្ងៃ មិនឱ្យងើប មិនឱ្យដេកពួន
ក្មេងប្រុសម្នាក់ពូកែលេងហ្គេមពេកធ្វើឱ្យឪពុកខឹងរកវិធីលត់ដំវិញ ដោយសុំច្បាប់សាលាមួយថ្ងៃឱ្យអង្គុយលេងមិនឱ្យដេកពួនអស់ ១៧ ម៉ោង មានអីចុងក្រោយកូនជើងល្អដឹងខ្លួនខុសឯង នូវទង្វើដែលខ្លួនបានធ្វើ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសចិន ដែលឪពុកម្នាក់បានចាប់បានថាកូនប្រុសវ័យ ១១ ឆ្នាំរបស់ខ្លួន បានលួចងើបមកលេងហ្គេមនៅម៉ោង ១ យប់ ទើបរកនឹងវិធីកែប្រែលត់ដំវិញ ដោយសុំច្បាប់សាលាឱ្យមួយថ្ងៃ ហើយបណ្តោយឱ្យអង្គុយលេងហ្គេមតាមចិត្ត។
ដំបូងកូនប្រុសហាក់សប្បាយចិត្តណាស់ ព្រោះបានឪពុកបើកដៃឱ្យ តែក្រោយមកលេងយូរៗទៅគេក៏ចាប់ផ្តើមចុកឈឺខ្លួន និង ងងុយដេក តែឪពុកនៅតែដាស់ឱ្យមកលេងតទៀតមិនឱ្យដេកឡើយ ហើយចុងក្រោយនៅពេលដែលគ្រប់ ១៧ ម៉ោង កូនប្រុសជើងល្អក៏បានដឹងខុស ព្រមទាំងសរសេរសំបុត្រសុំទោសឪពុក និង សន្យាថាមិនលេងទូរស័ព្ទពេលយប់ជ្រៅទៀតឡើយ។
សម្រាប់រឿងប្រដៅកូនបែបនេះ ឪពុកបានឱ្យដឹងថា ខ្លួនបានពិភាក្សាជាមួយភរិយារួចហើយ ហើយភរិយាក៏យល់ព្រមផងដែរ ដោយគិតថានេះគឺជាការដាក់ទោសដ៏សមគួរ ដែលមិនប្រើប្រាស់អំពើហិង្សាលើរាងកាយ។ យ៉ាងណាក៏ដោយ ឪពុករូបនេះក៏បានបានណែនាំថា អាណាព្យាបាលផ្សេងៗមិនគួរប្រើវិធីនេះដូចខ្លួននោះទេ ព្រោះក្មេងម្នាក់ៗខុសគ្នា វិធីនេះអាចធ្វើឱ្យក្មេងខ្លះខ្សោយដល់រាងកាយ តែកូនប្រុសខ្លួនជាក្មេងសុខភាពល្អ ទើបខ្លួនប្រាកដចិត្តថាការប្រើវិធីនេះ មិនប៉ះពាល់ដល់គេឡើយ៕