៣ ខែនៃដើមឆ្នាំ ២០២៣ មនុស្សជាង ១.៤ លាននាក់នៅថៃ កើតជំងឺផ្សេងៗព្រោះបញ្ហាបំពុលខ្យល់
សារព័ត៌មាន Thaiger បានចុះផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះថា យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈ (MOPH) ប្រជាជនថៃ ចំនួន ១ ៤៤៩ ៧១៦ នាក់កំពុងទទួលរងនូវជំងឺ ដែលបណ្តាលមកពីការបំពុលអាកាស PM2.5 បណ្ដាលឱ្យរលាកស្បែក ដាច់សរសៃឈាមខួរក្បាល និង រលាកភ្នែក។
ចំណែកឯ អគ្គអធិការនៃ MOPH លោក Pathomporn Siraprapasiri បានបង្ហាញលទ្ធផលនៃការស្ទង់មតិមួយកាលពីសប្តាហ៍មុន ធ្វើឡើងចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៣ នេះនៅមន្ទីរពេទ្យរដ្ឋក្នុងប្រទេសថៃ មានបុគ្គលចំនួន ១ ៤៤៩ ៧១៦ នាក់ក្នុងប្រទេសថៃ និង ៣១ ៦៩៥ នាក់នៅបាងកក បានរងផលប៉ះពាល់ ដោយជំងឺពាក់ព័ន្ធនឹងការបំពុលអាកាស ហើយជំងឺទាំងនោះត្រូវបានចាត់ថ្នាក់បន្ថែមទៀតដូចជា អ្នកជំងឺ ២២៥២ នាក់បានទទួលរងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) បណ្តាលឱ្យស្ទះលំហូរខ្យល់ និង មានបញ្ហាទាក់ទងនឹងការដកដង្ហើម, ១២៩ នាក់មានជំងឺហឺត, ១៧៧០ នាក់រលាកសួត, ១៤៤ នាក់បានកើតជំងឺផ្តាសាយ, ១៨៣០ នាក់មានការរលាកបំពង់ក ឬ ឈឺបំពង់ក, ខណៈដែល ៦៧២ នាក់ទៀតមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ឬរលាកស្រទាប់ក្នុងច្រមុះ។
លើសពីនេះទៀត ក៏មានអ្នកជំងឺចំនួន ១១០៧ នាក់មានជំងឺរលាកទងសួត ឬ រលាកផ្លូវដង្ហើមក្នុងសួត, ៨៩ នាក់មានជំងឺបេះដូង ischemic, ៨៣០៩ នាក់បានទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាល, ៤៨០០ នាក់មានការរលាកភ្នែក, ៨៦៩២ នាក់មានការរលាកស្បែក និង ១៨៧៧ នាក់មានជំងឺមហារីកសួត។
ដោយឡែក អភិបាលក្រុងបាងកក លោក Chadchart Sittiopunt បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះថា ៖ «ផ្សែងរថយន្ត អាកាសធាតុ និង ការដុតសំរាម គឺជាមូលហេតុចម្បងបីនៃការបំពុលខ្យល់នៅក្នុងទីក្រុង ហើយដើម្បីដោះស្រាយបញ្ហានេះបាន ប្រជាពលរដ្ឋគួរតែប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈឱ្យបានញឹកញាប់ ហើយម៉ាស៊ីនរថយន្តគួរតែត្រូវបានកែលម្អ ដើម្បីកាត់បន្ថយការបំពុល»។
មិនតែប៉ុណ្ណោះ លោក Chadchart បានបន្ថែមទៀតថា ៖ «ទីក្រុងបាងកកបានដាំដើមឈើចំនួន ២០០ ០០០ ដើម ដើម្បីជួយឱ្យស្ថានភាពការបំពុលកាន់តែប្រសើរឡើង ហើយនឹងបន្តដាំដើមឈើទាំងនោះតទៀត»។ ដោយលោកបានបន្ថែមថា ៖ «ការិយាល័យបរិស្ថាននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយប្រសិនបើស្ថានការណ៍បំពុលបរិយាកាសមិនមានភាពប្រសើរឡើង វិធានការធ្វើការពីផ្ទះនឹងត្រូវបានអនុវត្ត ខណៈដែលការបំពុលមិនត្រឹមតែប៉ះពាល់ដល់មនុស្សប៉ុណ្ណោះទេ ថែមទាំងសត្វផ្សេងៗទៀតផង»៕
ប្រភព ៖ Thaiger