បដិមាទ្វារបាល ដែលធ្វើកំណាយឃើញនៅប្រាសាទទន្លេស្ងួត បានជួសជុលរួចរាល់ និង ដាក់បង្ហាញជូនទស្សនាហើយ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះ បានជូនដំណឹងដល់សាធារណៈជនឱ្យបានដឹងថា បដិមាទ្វារបាលមកពីប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណ កំពុងដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ បន្ទាប់ពីបានជួសជុលរួចរាល់។
ប្រធានក្រុមការងាររៀបចំពិព័រណ៍ និង ជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះបានបាក់ជា ៦ បំណែកផ្សេងគ្នា ដូចជា ព្រះកេស ដងខ្លួន ដៃ ជើង និង ក្រវិល ហើយផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និង ភ្នែកផង។ ក្រោយពីបានសិក្សាពីប្រវត្តិបដិមា ក្បាច់លម្អ និង ទំហំខូចខាតទាំងខាងក្នុង និង ខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ និង បានតភ្ជាប់តាមទម្រង់ដើមវិញ។ លើសពីនេះទៅទៀត ក្រុមការងារក៏បានធ្វើទម្រថ្មីពីថ្មភក់ ដើម្បីដាក់ឱ្យបដិមាមានលំនឹង ព្រមទាំងបានរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញក្នុងសារមន្ទីរទៀតផង។
គួរដឹងដែរថា បដិមានេះត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដោយក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាអាចត្រូវបានសង់ឡើងនៅចុងសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ នៃគ្រីស្តសករាជ ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់ ១.៨២ ម៉ែត្រ ទទឹង ០.៧៨ ម៉ែត្រ និង កម្រាស់ ០.៥ ម៉ែត្រ រចនាប័ទ្មបាយ័ន។
មិនតែប៉ុណ្ណោះ លោក គុន ផល្លី ក៏បានពន្យល់ទៀតថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗ ត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋរបស់ក្រុមប្រាសាទសំបូរព្រៃគុក នៅអំឡុងសតវត្សរ៍ទី ៧-៨ នៃគ្រីស្តសករាជ។ ដោយឡែក បដិមាទ្វារបាលទោលក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿងអលង្ការ ដូចជា មកុដ ក្វិល សុរងក កងដៃ កងជើង ហើយទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍ ចំណែកឯទ្វារបាលជាអសុរវិញក្នុងដៃមានកាន់ដំបងទ្រវែង៕
ប្រភព និង រូបភាពដោយ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ