ប្អូនប្រុសអបអរសាទរទិញបាច់ផ្កាជូនបងស្រី ពេលបងស្រីលែងលះប្ដីចោលម្សៀតបានសម្រេច
រឿងលែងលះអាចមិនមែនជារឿងល្អសម្រាប់មនុស្សស្រី ជាពិសេសគឺជាប់ឈ្មោះជាស្រីមេម៉ាយ តែយ៉ាងណាមិញស្ត្រីម្នាក់នៅចិន មានក្រុមគ្រួសារនៅចាំសាទរ ក្រោយនាងធ្វើការលែងលះប្ដីបានសម្រេច។
រឿងមួយនេះ បានកើតឡើងនៅឯខេត្ត Anhui ប្រទេសចិន ដោយស្ត្រីម្នាក់បានដើរចេញពីការិយាល័យកិច្ចការស៊ីវិល បន្ទាប់ពីផ្ដិតមេដៃលែងលះប្ដីបានសម្រេច ចំណែកឯនៅខាងក្រៅមានក្រុមគ្រួសារ ជាពិសេសប្អូនប្រុសកាន់បាច់ផ្កាជូនចាំលួងលោម និងលើកទឹកចិត្ត។
តាមរបាយការណ៍បានរៀបរាប់ឱ្យដឹងថា នារីរូបនោះ និងស្វាមីបានស្រឡាញ់គ្នាមួយរយៈមុនសម្រេចចិត្តរៀបការ ដោយពួកគេរស់នៅស្រុកភូមិក្បែរគ្នា។ ក្រោយរៀបការនាងក៏បានរើទៅរស់នៅគ្រួសារខាងស្វាមីតាមប្រពៃណី ប៉ុន្ដែចំណងស្នេហារបស់នាងមិនល្អដូចការរំពឹងទុកឡើយ ដោយក្រោយទៅរស់នៅជាមួយគ្រួសារប្ដី នាង និងស្វាមីតែងមានឈ្លោះគ្នាជាប្រចាំ។
ហើយពេលឈ្លោះគ្នា ប្ដីនាងតែងមើលងាយដល់គ្រួសារនាងថាអន់ជាង មានចំណូលមិនដល់ពួកគេ ជួនកាលក៏មានការវាយដំរាងកាយ ចំណែកម្ដាយក្មេកនាងតែងបង្ខំឱ្យនាងសុំទោស បើទោះបីជានាងមិនបានធ្វើខុសក៏ដោយ ដោយគាត់គិតថាស្វាមីនាងមិនដែលខុសនោះទេ។ ហើយមានពេលខ្លះម្ដាយក្មេកនាងរំអុកឱ្យកូនប្រុសលែងនាង រៀបការប្រពន្ធថ្មីដែលល្អជាងនាង។
ក្រោយអស់ភាពអត់ទ្រាំ នាងក៏បានទម្លាយរឿងនេះដល់ក្រុមគ្រួសារ មុននឹងដាក់ពាក្យប្ដឹងលែងលះតាមផ្លូវច្បាប់។ ក្រោយការកាត់ក្ដីយល់ព្រមលែងលះ គ្រួសារនាងរំភើប និងសប្បាយចិត្ត ដោយម្នាក់ៗរំជួលចិត្តស្រក់ទឹកភ្នែក ជាពិសេសប្អូនប្រុសរបស់នាង។ ដោយរូបគេបានពោលថា៖ «ខ្ញុំមិនដែលចង់ឱ្យបងស្រីខ្ញុំទៅរស់នៅឆ្ងាយផ្ទះទេ ហើយពេលដឹងថាបងស្រីខ្ញុំត្រូវគេធ្វើបាបខ្ញុំមិនអាចទ្រាំបានទេ ខ្ញុំរង់ចាំថ្ងៃដែលបងស្រីលែងលះ ហើយចាំលើកទឹកចិត្តគាត់ និងយកគាត់ត្រឡប់មកផ្ទះវិញ។ គ្រួសារយើងមិនក្រីក្រដល់ថ្នាក់អត់អាហារទេ ពួកយើងអាចមើលថែគាត់ដោយខ្លួនឯងបាន»៕