ព្រះមហាក្សត្រ នឹងយាងក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅអង្គរវត្ត ថ្ងៃទី ២១ ជាថ្ងៃព្រះអាទិត្យរះចំកំពូលប្រាសាទ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យបានដឹងថា ខេត្តសៀមរាបនឹងរៀបចំទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ដែលជាពេលវេលាដ៏ល្អ និង ជាថ្ងៃដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត។
អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ពិធីខាងលើធ្វើឡើងដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និង បណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះ គឺសល់ត្រឹម ៥៣ ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ២០២៣៕