កូនភ្លោះនៅកាដាណា ធ្វើខួបកំណើតលើកដំបូង ជាមួយកំណត់ត្រា«កូនភ្លោះកើតមិនគ្រប់ខែជាងគេលើលោក»
នាពេលថ្មីៗនេះ សារព័ត៌មានបរទេស RTE បានចុះផ្សាយថា ក្មេងប្រុស និង ក្មេងស្រីជនជាតិកាណាដា មួយគូ ដែលកើតមិនគ្រប់ខែ និង មិននឹកស្មានថាអាចរស់រានមានជីវិតបាន ថ្មីៗនេះធ្វើពិធីខួបកំណើតលើកដំបូងរបស់ពួកគេជាមួយនឹងកំណត់ត្រាពិភពលោក Guinness ថាជា «កូនភ្លោះមិនគ្រប់ខែបំផុតរបស់ពិភពលោក (ម្ដាយពរពោះបាន ២២ សប្ដាហ៍)»។
កូនភ្លោះទាំងពីរត្រូវបានគេស្គាល់ថាជា Adiah និង Adrial Nadarajah កើតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ នៅពេលម្ដាយរបស់ពួកគេមានទម្ងន់ពួកគេបាន ២២ សប្តាហ៍ ឬ ១២៦ ថ្ងៃបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយរបស់ Guinness World Record ។ បើតាមការបញ្ជាក់របស់ Guinness World Records ពួកគេម្នាក់មានទម្ងន់ត្រឹមតែ ៣៣០ ក្រាម និង ម្នាក់ទៀតមានទម្ងន់ ៤២០ ក្រាម ធ្វើឱ្យពួកគេក្លាយជាកូនភ្លោះ ដែលមានទម្ងន់ស្រាលបំផុតតាំងពីកំណើតមិនធ្លាប់មានពីមុនមក។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសន៍មួយឪពុកម្តាយរបស់កូនភ្លោះនោះបានលើកឡើងថា ពេលទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ថា «កូនភ្លោះទាំងពីរនាក់នេះមានអត្រារស់សូន្យភាគរយ» ហើយម្តាយរបស់ពួកគេ ដែលមានឈ្មោះ Shakina Rajendram បានប្រាប់និយាយថា ៖ «នៅពេលខ្ញុំចូលសម្រាលកូន ខ្ញុំត្រូវបានបដិសេធមិនទទួលសម្រាលទេ ព្រោះមន្ទីរពេទ្យភាគច្រើនមិនអាចព្យាយាមជួយសង្គ្រោះទារក ដែលកើតមុនពី ២៤ ទៅ ២៦ សប្តាហ៍ទេ»។ ប៉ុន្តែដោយសារទារកទាំងពីរនេះមានជីវិត និង មានការធាក់ពីក្នុងពោះ ពេទ្យក៏សម្រេចសម្រាលកូនឱ្យនាង ដោយពេទ្យឱ្យស្នាក់នៅមន្ទីរពេទ្យរយៈពេលប្រាំមួយខែ រហូតពេទ្យអាចដោះស្រាយបញ្ហាសុខភាពទារកដូចជា ការហូរឈាមខួរក្បាល និង ជំងឺ sepsis បានសម្រេច ទើបពួកគេត្រូវបានបញ្ជូនទៅផ្ទះវិញ។
ដោយឡែក ក្រោយពីចេញពីពេទ្យមក Adiah មានទម្ងន់កើនឡើងដល់ ១៨ ដងនៃទម្ងន់ពីកំណើតរបស់នាង ខណៈដែល Shakina ជាម្ដាយបាននិយាយថា ៖ «នាងជាទារក ដែលសប្បាយរីករាយបំផុត ហើយតែងតែញញឹម។ មិនតែប៉ុណ្ណោះនាងចេះជជែកគ្នាលេងជាមួយយើង និង និយាយជាមួយប្រដាប់ក្មេងលេងរបស់នាងទៀតផង»។
ចំណែកឯ Adrial គឺមានផលវិបាកមួយចំនួនដូចជា ការឆ្លងមេរោគ និង បញ្ហាផ្លូវដង្ហើម ដែលជាហេតុត្រូវបញ្ជូនគេត្រឡប់ទៅមន្ទីរពេទ្យវិញដល់ទៅពីរដង សម្រាប់ការថែទាំជាថ្មី ប៉ុន្តែម្ដាយរបស់ក្មេងថា ៖ «Adrial គឺជាក្មេងដែលពូកែយកចិត្តទុកដាក់ម្នាក់ និង មានភាពឆ្លាតវៃ ហើយក៏ជាអ្នកស្រឡាញ់តន្ត្រីមួយរូបដែរ»៕
ប្រភព ៖ RTE News