ឯកាពេក លោកតាវ័យ ៨៤ ឆ្នាំម្នាក់ ជះលុយធ្វើបុណ្យស-ពឱ្យខ្លួនឯង ដើម្បីបានមនុស្សអ៊ូអរ សប្បាយរីករាយ
ថ្មីៗនេះ សារព័ត៌មានចិនមួយឈ្មោះ Jimu News បានចេញផ្សាយថា បុរសចំណាស់វ័យ ៨៤ ឆ្នាំ នៅទីក្រុង Bozhou ខេត្ត Anhui ប្រទេសចិន បានធ្វើពិធីបុណ្យសពខ្លួនឯងយ៉ាងពិសេស ដោយមានការចូលរួមពីអ្នកភូមិជាង ១០០ នាក់។
ថ្លែងប្រាប់សារព័ត៌មាន Jimu News លោកតាដែលធ្វើពិធីបុណ្យសពខ្លួនឯងនេះ បាននិយាយថា លោកតាគឺរស់នៅតែឯង ឯកោណាស់ ហើយការធ្វើពិធីបុណ្យសពនេះ គឺដើម្បីកម្សាន្តកែអផ្សុកប៉ុណ្ណោះ។
តាមរយៈវីដេអូដែលថតពីសកម្មភាពបុណ្យ បានបង្ហាញឱ្យឡានមួយគ្រឿង ដឹកក្ដារមឈូសដង្ហែពេញដងផ្លូវ។ នៅលើមឈូសនោះ លោកតាជាម្ចាស់ពិធីសម្រាន្តដណ្ដប់ភួយ ពេលខ្លះក៏គាត់អង្គុយ។ នៅពីមុខឡាន មានអ្នកវាយស្គរ ខណៈអ្នកភូមិដែលចូលរួម ខ្លះជិះកង់ ខ្លះដើរ ហែរហមតាម។
លោកតាដែលជាម្ចាស់ពិធីបានឱ្យដឹងទៀតថា ពិធីបុណ្យសពមួយនេះ លោកតាបានចំណាយប្រាក់ជិត ២ ម៉ឺនយ័ន (២៩០០ ដុល្លារ)។ លោកតាថា ចាប់តាំងពីកូនៗលោកតា ផ្លាស់ទៅរស់នៅកន្លែងផ្សេងរៀងៗខ្លួន ហើយភរិយាលោកតា បានលាចាកលោកទៅតាំងពី ២ ឆ្នាំមុនមក លោកតាគឺរស់នៅតែម្នាក់ឯង និង តែងតែមានអារម្មណ៍ឯកោ។ ការសម្រេចធ្វើពិធីបុណ្យសពខ្លួនឯងនេះ គោលបំណងមួយចង់ឃើញបុណ្យខ្លួនឯង មុនពេលលោកតាបាត់រូបពីពិភពលោកនេះទៅ និង មួយទៀតវាជាការកម្សាន្ត មានមនុស្សអ៊ូអរ សម្រួលអារម្មណ៍ឯកាលោកតាបានមួយគ្រាដែរ៕