ឆ្លាតណាស់! អាយុទើប ១០ ឆ្នាំរៀនថ្នាក់ទី ៥ តែចេះសរសេរ CV ដាក់សុំធ្វើការហាងកាហ្វេ រកលុយបន្ថែមទុករៀន
មហាជនជាច្រើនហាក់កំពុងផ្ទុះការចាប់អារម្មណ៍ ក្រោយក្មេងប្រុសម្នាក់ដែលទើបមានអាយុ ១០ ឆ្នាំ មានភាពឆ្លាត និង ក្លាហាន ហ៊ានសរសេរ CV ដាក់ពាក្យសុំធ្វើការ ព្រោះតែចង់រកលុយរៀនបន្ថែម។
រឿងនេះបានកើតឡើងនៅឯប្រទេសវៀតណាម ដោយក្មេងប្រុសអាយុ ១០ ឆ្នាំមិនត្រូវបានបញ្ចេញអត្តសញ្ញាណម្នាក់ បានទៅដាក់ពាក្យសុំធ្វើការនៅហាងកាហ្វេមួយកន្លែង។
តាមការរៀបរាប់បានឱ្យដឹងថា ក្មេងប្រុសរូបនោះ បច្ចុប្បន្នកំពុងរៀនថ្នាក់ទី ៥ ដែលបានសរសេរ CV ដាក់ទៅហាងកាហ្វេថា៖ «មូលហេតុដែលខ្ញុំមកដាក់ពាក្យធ្វើការ ព្រោះតែខ្ញុំពេញចិត្តនឹងការងារនេះ ហើយចង់រកលុយបន្ថែមទុកបង់សាលា។ អ្វីដែលខ្ញុំចេះ គឺចេះតែលាងកែវ និង រត់តុទេ ហើយខ្ញុំចាំម្ចាស់ហាងទទួល ដោយលក្ខខណ្ឌ គឺខ្ញុំចង់បានថ្លៃឈ្នួល ១០ ០០០ ដុង (ប្រមាណ ០.៤២ ដុល្លារ) ក្នុងមួយម៉ោង»។
«ទោះបីជាខ្ញុំមិនទាន់ចេះឆុងកាហ្វេ តែខ្ញុំនឹងចេះវានៅពេលក្រោយ ហើយបើអ្នកយល់ព្រមឱ្យខ្ញុំធ្វើការ សុំគូសនៅក្នុងប្រអប់ទទួល ហើយបើសិនជាអ្នកមិនព្រមទទួលសូមគូសក្នុងប្រអប់មិនទទួល សូមអរគុណ»។
ម្ចាស់ហាងកាហ្វេបានបន្ថែមឱ្យដឹងថា៖ «ទោះបីជាគាត់នៅក្មេង តែការតាំងចិត្តគាត់ខ្ពស់ ហើយខ្ញុំសរសើរភាពក្លាហាន ដោយដាក់ CV មកហាក់បីដូចដាក់លំហាត់ឱ្យខ្ញុំ ក្មេងនេះគឺជាអ្នករស់នៅតំបន់ក្បែរនេះ ដោយឪពុកម្ដាយមិនសូវធូរធារទេ តែជាការល្អដែលគាត់មកសុំធ្វើការនៅទីនេះ ជាជាងដើរលេង និង ទៅបង្ករឿងផ្សេងៗ»៕