អាជីពថ្មីនៅចិន ស៊ីឈ្នួលបណ្ដើរឆ្កែឱ្យគេ ត្រឹមកន្លះម៉ោងរកបាន ៤ ដុល្លារ
ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមចិន ក្រោយនារីម្នាក់បានចែករំលែកពីបទពិសោធន៍ការងារក្រៅម៉ោងរបស់នាង ដោយគ្រាន់តែបណ្ដើរឆ្កែដើរលេង កន្លះម៉ោងអាចរកចំណូលបាន ៣០ យ័ន (ប្រមាណ ៤.៣០ ដុល្លារ)។
ស្រីម្នាក់ឈ្មោះថា Wei អាយុ ២៦ ឆ្នាំ រស់នៅទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន បានរៀបរាប់ឱ្យដឹងថា៖ «តាមពិតទៅខ្ញុំមានអាជីពជាអ្នកឌីហ្សាញក្រៅម៉ោង ដោយខ្ញុំមានពេលទំនេរច្រើន។ ហើយខ្ញុំជាមនុស្សស្រឡាញ់សត្វឆ្កែ ដោយជារៀងរាល់ថ្ងៃខ្ញុំតែងបណ្ដើរពួកវាចេញក្រៅ ស្រូបខ្យល់អាកាសជាប្រចាំ»។
«ខ្ញុំគិតថាដោយខ្ញុំមានពេលទំនេរច្រើន ហើយជាពិសេសពេលព្រឹកព្រលឹម ខ្ញុំក៏បានដាក់ប្រកាសថា មានទទួលបណ្ដើរឆ្កែជំនួស ដោយថ្លៃឈ្នួលកន្លះម៉ោង ៣០ យ័ន សម្រាប់អ្នកដែលមានការងារមមាញឹក ខ្ជិលងើបពីព្រលឹម ឬមិនចង់ចេញក្រៅជាដើម។ ភាគច្រើនអ្នកដែលមករកខ្ញុំបណ្ដើរឆ្កែជំនួសគឺពេលព្រឹកម៉ោង ៧»។
«ក្រោយមកវាក៏បានក្លាយជាអាជីពក្រៅម៉ោងប្រចាំថ្ងៃរបស់ខ្ញុំ ដោយខែដំបូង ខ្ញុំត្រូវគេជួលបាន ៧ នាក់ប៉ុណ្ណោះ តែក្រោយមកក៏មានការកើនឡើងៗ ហើយខ្ញុំមិនដែលធុញនឹងការដើរលេងជាមួយសត្វឆ្កែនោះឡើយ។ ការងារនេះ គឺមិនពិបាកនោះទេ ដោយវាតម្រូវឱ្យយើងមានចំណុចសំខាន់ ៣ ដោយទី១ គឺជាមនុស្សស្រឡាញ់សត្វ ទី២ មានពេលវេលាគ្រប់គ្រាន់ និង ទី៣ គឺមិនខ្លាចក្នុងការប្រឡាក់ខ្លួន ឬការសម្អាតលាមក ព្រោះពេលបណ្ដើរឆ្កែ ជួនកាលពួកវាអាចជុះ ហើយពេលខ្លះវាអាចរត់ប្រឡែងនៅទីដែលមានភក់ជ្រាំជាដើម»៕