ចប់ពិធីមិនទាន់ ពួយដឹកដៃគ្នាវឹងទាំងឈុតរៀបការ ទៅទាញជញ្ជីងថ្លឹងមាសឪពុកម្ដាយជូនជាចំណងដៃ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញ Tiktok វៀតណាម ក្រោយស្វាមីភរិយាថ្មីថ្មោងមួយគូទទួលបានកាដូមាសពីអ្នកមានគុណ នៅថ្ងៃមង្គលការរបស់ខ្លួន ដែលធ្វើឱ្យពួកគេសប្បាយចិត្តជាខ្លាំង រហូតចប់កម្មវិធីមិនទាន់ គឺ ប្រញាប់ទាញជញ្ជីងយកមកថ្លឹងព្រោះចង់ដឹងចំនួន។
តាមរយៈសារព័ត៌មាន Docbao បានរៀបរាប់ឱ្យដឹងថា ប្ដីប្រពន្ធគូនេះហាក់មិនអាចទប់អារម្មណ៍រំភើប និង សប្បាយចិត្តរបស់ពួកគេបាននោះទេ ដោយគ្រាន់តែចប់កម្មវិធីភ្លាម ពួកគេមិនបានប្ដូរឈុតកូនកំលោះក្រមុំទេ ម្នាក់ទៅទាញជញ្ជីង ម្នាក់ទៀតទៅទាញសៀវភៅប៊ិច មកថ្លឹងកត់ចំនួនទុកដោយសរុបបាន ៨៥០ ក្រាម។
ក្រោយឃើញទង្វើបែបនេះ មហាជនជាច្រើនក៏បានចូលរួមចែករំលែក និង បញ្ចេញមតិកោតសរសើរថា គូស្នេហ៍នេះមើលទៅគួរឱ្យស្រឡាញ់ ហើយជាពិសេសសហការណ៍គ្នាបានល្អ យ៉ាងណាមិញក៏មានអ្នកតឿនថា គួរដោះឈុតកូនកំលោះក្រមុំចេញសិន ព្រោះកាដូនេះមិនរត់ទៅណាទេ វានៅតែជាកាដូចំណងដៃរបស់អ្នកទាំងពីរ៕