ខេត្ត Cebu ប្រទេសហ្វីលីពីន ប្រកាសផ្ទុះឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកឡើងវិញ
កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ នាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងខេត្ត Cebu ភាគកណ្តាលនៃប្រទេស ដោយបានដាក់ពង្រាយក្រុមអ្នកឆ្លើយតប ដើម្បីពិនិត្យមើលទំហំនៃការឆ្លង។
ការិយាល័យឧស្សាហកម្មសត្វរបស់នាយកដ្ឋានក៏បាននិយាយដែរថា ការធ្វើតេស្តឈាមចំនួន ៥៨ ក្នុងចំណោម ១៤៩ លើសត្វជ្រូក ពីក្រុង Carcar ក្នុងខេត្ត Cebu តេស្តឃើញវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្រ្វិក។ ជំងឺនេះដែរ មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែវាមានការឆ្លងខ្លាំងក្នុងចំណោមសត្វជ្រូក។ ផ្អែកលើទិន្នន័យចុងក្រោយរបស់នាយកដ្ឋានកសិកម្ម ការផ្ទុះឡើងចុងក្រោយនេះ ត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងកើតមាននៅក្នុងខេត្តចំនួន ១២ ក្នុងចំណោមខេត្តជាង ៨០ របស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ខណៈដែលសេចក្តីថ្លែងការណ៍មួយក៏បានលើកឡើងថា ៖ «អ្នកចិញ្ចឹមជ្រូក និង អ្នកពាក់ព័ន្ធទាំងអស់ គឺត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីករណីងាប់ និង ជ្រូកចេញអាការជំងឺមិនធម្មតាណាមួយទៅកាន់ការិយាល័យកសិកម្ម/បសុពេទ្យរៀងៗខ្លួន»។
គួរបញ្ជាក់ដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានគេរកឃើញលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ ២០១៩ ដែលជំរុញឱ្យមានការសម្លាប់ជ្រូករាប់ពាន់ក្បាលចាប់តាំងពីពេលនោះមក និង កាត់បន្ថយចំនួនជ្រូកក្នុងស្រុកយ៉ាងច្រើន ហើយការកាត់បន្ថយការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកនេះដែរ ក៏បានជំរុញឱ្យប្រទេសហ្វីលីពីន បង្កើនការនាំចូលសាច់ពីក្រៅ ស្របពេលដែលតម្លៃសាច់ក្នុងស្រុកបានកើនឡើង និង បានបន្ថែមសម្ពាធទៅលើអតិផរណាជាតិ៕
ប្រភព ៖ CNA