ល្បីបង្ហោះបន្តបន្ទាប់រឿង គប់កញ្ចក់ឡាននៅផ្លូវជាតិលេខ ១ ពេលនេះឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ បានឆ្លើយតបសាធារណជន ដែលបានបង្ហោះជាបន្តបន្ទាប់ពាក់ព័ន្ធករណី គប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ និង លោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់ ករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្តតាមផ្លូវ)។
– កើតហេតុ៖ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០០:១៥ នាទី
– ចំណុចកើតហេតុ៖ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំពោះករណីនេះ ខាងស្នងការបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានគ្នា ០៣ នាក់ ដែលមានដូចជា ៖
១. ឈ្មោះ ទ្បឹក ភាន ហៅ (បារាំង) ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣.ឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ថ្មភ្នំមួយដុំទម្ងន់ ៣៥០ ក្រាម។
យ៉ាងណាមិញ ក្រោយពីបានសាកសួររួចជនសង្ស័យទាំង ០៣ នាក់ ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង ០៣ នាក់ ពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន ហើយបានឆ្លើយសារភាពទៀតថា កន្លងមកពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយទើបតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទីមួយ៕