ខកចិត្តតិចអី! ទៅការបងប្អូនជីដូនមួយទាំងរីករាយ តែគេឃាត់មិនឱ្យចូល ព្រោះមានប្រវត្តិលែងប្ដី
រឿងហួសចិត្តមួយបានកើតឡើងនៅឯប្រទេសចិន ក្រោយនារីម្នាក់ចេញមុខនិយាយទាំងអាក់អន់ស្រពន់ចិត្ត ព្រោះតែទៅចូលរួមពិធីមង្គលការបងប្អូនជីដូនមួយ ស្រាប់តែត្រូវគេហាមឃាត់មិនឱ្យចូលរួមដោយសារនាងមានប្រវត្តិលែងលះប្ដី។
ដូចដែលមហាជនមួយចំនួនបានដឹងថា មកទល់ពេលនេះជនជាតិចិនមួយចំនួននៅតែប្រកាន់ និង មានជំនឿតាមសាសនា ទំនៀមទម្លាប់ ហើយតំបន់ខ្លះគឺប្រើប្រាស់វិធីបុរាណមិនមានការផ្លាស់ប្ដូរនោះឡើយ។
ស្ត្រីម្នាក់ឈ្មោះថា Li រស់នៅខេត្ត Guangdong ប្រទេសចិន បានរៀបរាប់ថា៖ «គ្រួសារខ្ញុំទាំងមូលត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការបងប្អូនជីដូនមួយ ដោយពួកយើងមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ប៉ុន្ដែនៅពេលដែលទៅដល់ខ្ញុំបែរជាជួបរឿងខកចិត្តទៅវិញ ដោយគ្រួសារខ្ញុំទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួម លើកលែងតែខ្ញុំម្នាក់»។
«ខ្ញុំត្រូវបានគ្រួសារដន្លងរបស់បងប្អូនជីមួយខ្ញុំ ឃាត់សួរ ហើយនៅពេលដឹងថាខ្ញុំជាស្ត្រីមេម៉ាយលែងលះប្ដី ពួកគេបាននិយាយថាខ្ញុំមិនអាចចូលរួមបានទេ ព្រោះមានប្រវត្តិបែកគ្នា ដែលអាចនាំឱ្យមានសំណាងមិនល្អដល់គូស្វាមីភរិយាថ្មី»។
«ក្រោយប្រកែកគ្នាមួយសន្ទុះ ខ្ញុំក៏សម្រេចចិត្តដើរចេញពីរោងការនោះ ដោយលែងចង់ចូលរួមទៀត ព្រោះតែខកចិត្ត និង ខឹងជាខ្លាំង មិននឹកស្មានថាសម័យនេះហើយមានការប្រកាន់បែបនេះទៀត»៕