ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ ករណីយកកំណាត់អុសគប់កញ្ចក់ឡាន នៅខេត្តតាកែវ
ស្នងការដ្ឋាននគរបាលខេត្តតាកែវ ថ្មីៗនេះ បានបញ្ជាក់ពីករណីធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៨:៤០ នាទី។
ករណីខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង ៦០ សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះ ឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ បណ្តាលឱ្យរថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ