ស្អាតណាស់! ផ្កាឈូកទឹកកករុក្ខជាតិកម្រ ដុះតែតាមក្រហែងថ្មលើភ្នំទឹកកក កម្ពស់ជិត ៦ ពាន់ម៉ែត្រ
ផ្កាឈូកទឹកកក គឺជារុក្ខជាតិដ៏កម្រ និង ពិសេសបំផុតមួយ ដែលភាគច្រើនឃើញមានដុះនៅតែតាមតំបន់ខ្ពង់រាប Qinghai-Tibetan និង នៅតាមតំបន់ក្បែរៗនោះប៉ុណ្ណោះ។ រុក្ខជាតិមួយនេះដែរ គឺមិនងាយនឹងប្រទះ ឬ ឃើញនោះឡើយ ដោយសារតែវាដុះនៅតែតាមក្រហែងថ្មនៃភ្នំទឹកកក ក្នុងរយៈកម្ពស់ប្រមាណ ៤៨០០ ទៅ ៥៨០០ ម៉ែត្រពីនីរ៉ូទឹកសមុទ្រ។
ផ្កាឈូកទឹកកក គឺជារុក្ខជាតិមានអាយុកាលច្រើនឆ្នាំ និង ដុះលូតលាស់យឺត បើទោះជាវារឹងមាំធន់នឹងបរិយាកាសក៏ដោយ។ ជាធម្មតា ត្រឹម ៥ ភាគរយប៉ុណ្ណោះនៃគ្រាប់របស់វាគឺដុះលូតលាស់ ហើយរុក្ខជាតិនេះដែរ ទាមទារពេលរហូតដល់ ៣ ទៅ ៥ ឆ្នាំ ទម្រាំលូតលាស់ពេញវ័យ។
ដោយសារតែកត្តាសីតុណ្ហភាព ដែលមានព្រិលធ្លាក់សឹងគ្រប់រដូវ រុក្ខជាតិមួយនេះគឺរីកលូតលាស់ក្នុងស្ថានភាពដ៏លំបាកមួយ ដែលជាហេតុធ្វើឱ្យវាមានរសជាតិរៀងល្វីងបន្តិច នៅពេលយកប្រើប្រាស់ជាឱសថ។ ផ្កាឈូកទឹកកកព្រៃដែលល្អពីធម្មជាតិពិតៗ គឺជាថ្នាំដ៏ស័ក្ដិសិទ្ធិប្រឆាំងរោគនានា ហើយជាធម្មតា គេតែងប្រើប្រាស់វាសម្រាប់ព្យាបាលជំងឺគ្រុនក្ដៅ និង រលាកសន្លាក់ឆ្អឹង។ បន្ថែមពីនេះ វាក៏ជួយព្យាបាលបញ្ហាឈឺចាប់ ជួយសម្រួលសរសៃឈាម និង ល្អបំផុតសម្រាប់ក្រលៀន។ រុក្ខជាតិនេះដែរ ក៏ជួយដល់សុខភាពផ្លូវភេទបុរស និង ជួយស្ត្រីឱ្យមករដូវទៀងផងដែរ៕
ប្រភព៖ chinaculture