ផ្អើលភូមិ! កូនកំលោះជាអ្នកម៉ៅការសំណង់ ថ្ងៃរៀបការពួយបើកអេស្កាវ៉ាទ័រទៅទទួលកូនក្រមុំ លាន់សូរគគ្រឹកពេញផ្លូវ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមវៀតណាម ក្រោយកូនកំលោះមានអាជីពជាអ្នកម៉ៅការសាងសង់ផ្លូវ យកអេស្កាវ៉ាទ័រមកធ្វើជារថយន្ដទទួលកូនក្រមុំនៅថ្ងៃរៀបការ បង្កការភ្ញាក់ផ្អើលពេញភូមិ។
កូនកំលោះដែលត្រូវបានគេស្គាល់ឈ្មោះថា Nge An ជនជាតិវៀតណាម បានរៀបចំពិធីមង្គលការជាមួយគូស្នេហ៍ខ្លួនតាមប្រពៃណីវៀតណាម តែអ្វីដែលប្លែកខុសគេ គឺលោកមិនបានយកឡានទៅទទួលកូនក្រមុំឡើយ គឺលោកយកអេស្កាវ៉ាទ័រមកជំនួសវិញ ដោយមានការតុបតែងដាក់ផ្កា និង ប៉េងប៉ោងដាក់លម្អព្រោងព្រាត។
Nge An បានរៀបរាប់ឱ្យដឹងថា ៖ «ជាធម្មតាមនុស្សភាគច្រើន មើលឃើញអេស្កាវ៉ាទ័រជាគ្រឿងឈូសឆាយ ហើយមិនស្រស់ស្អាត តែខ្ញុំធ្វើការជាមួយវាជាង ១០ ឆ្នាំមកហើយ វាប្រៀបដូចជាមិត្តខ្ញុំអ៊ីចឹង ហើយជាពិសេសវាបង្ហាញពីអត្តសញ្ញាណខ្ញុំជាអ្នកធ្វើការសាងសង់ ឈូសឆាយ អ៊ីចឹងហើយយកវាមកប្រើក្នុងថ្ងៃពិសេសវាមានន័យណាស់សម្រាប់ខ្ញុំ»៕