ភូមិនៅឥណ្ឌា ហាមពលរដ្ឋប្រើទូរទស្សន៍ ទូរស័ព្ទពេលយប់ បើល្មើសនឹងឡើងថ្លៃពន្ធដី
រដ្ឋាភិបាលភូមិ Mangaon ប្រទេសឥណ្ឌា បានស្នើឱ្យអ្នកស្រុកចំនួន ១៥ ០០០ នាក់ បិទឧបករណ៍អេឡិចត្រូនិកទាំងអស់ឱ្យទាន់ពេលវេលាតាមការបញ្ជា ដោយគំរាមឡើងថ្លៃពន្ធលើដីរបស់ពួកគេ ប្រសិនបើមិនគោរពតាមបទបញ្ជា។
នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ លោក Raju Magdum ប្រធានក្រុមប្រឹក្សាភូមិ Mangaon ក្នុងរដ្ឋ Maharashtra នៃ ប្រទេសឥណ្ឌា បាននិយាយថា ៖ «ខ្ញុំបានណែនាំគោលនយោបាយនេះ ដោយសារតែខ្ញុំមានការរន្ធត់ចិត្ត នៅពេលមនុស្សក្នុងភូមិមើលទូរទស្សន៍ និង លេងទូរស័ព្ទជារៀងរាល់យប់ ដោយមិននិយាយរកគ្នាសោះ ហើយក្មេងៗវិញក៏មិនផ្តោតលើការងារសាលា និង ការងារផ្ទះ ខណៈដែលបច្ចុប្បន្ននេះអ្នកជិតខាងក៏មិនចេះសួរនាំគ្នាដែរ»។
គោលនយោបាយថ្មីរបស់ភូមិនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ០៨ ខែមីនា ខាងមុខនេះតទៅ ដោយពេលឮស៊ីរ៉ែនបញ្ជាបន្លឺឡើងនៅម៉ោង ៧ យប់ អ្នកភូមិទាំង ១៥ ០០០ នាក់ នឹងត្រូវបិទឧបករណ៍អេឡិចត្រូនិករបស់ពួកគេទាំងអស់។ រហូតដល់ម៉ោង ៨ និង ៣០ នាទីសំឡេងកញ្ចែនឹងបន្លឺឡើងម្តងទៀត ដែលជាសញ្ញាបញ្ជាក់ថា វិធានការបានបញ្ចប់ហើយ ពួកគេក៏អាចប្រើប្រាស់ទូរទស្សន៍ ឬ ទូរស័ព្ទបានវិញជាធម្មតាដែរ។ ដោយឡែក រដ្ឋាភិបាលភូមិ ចំពោះគ្រួសារណាដែលមិនគោរពតាមគោលការណ៍នេះ នឹងទទួលការពិន័យជាការតំឡើងពន្ធលើដីរបស់ពួកគេ។
តាមសម្ដីរបស់ក្រុមប្រឹក្សាភូមិដដែល បានឱ្យដឹងទៀតថា ៖ «ផ្ទះភាគច្រើននៅជនបទនៃប្រទេសឥណ្ឌា មិនមានទំហំធំគ្រប់គ្រាន់សម្រាប់ដាក់បន្ទប់រៀនដាច់ដោយឡែកសម្រាប់កុមារទេ ហើយសមាជិកទាំងអស់នៅក្នុងផ្ទះ ដូចជាឪពុកម្តាយជាដើមគឺ នៅលេងទូរស័ព្ទដៃ ឬមើលរឿងភាគតាមទូរទស្សន៍ ដែលទាំងនេះបានប៉ះពាល់ដល់សមត្ថភាពលូតលាស់របស់កុមារ ជាពិសេសការផ្តោតសំខាន់លើការរៀនសូត្រ។ លើសពីនេះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ សាលារៀនត្រូវបានបិទ ក្មេងៗសុទ្ធតែចំណាយពេលច្រើនលើទូរស័ព្ទដៃ។ ភូមិជាច្រើននៅក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តយុទ្ធនាការនេះ»។
បច្ចុប្បន្ននេះ ភូមិចំនួន ៥ នៅប្រទេសឥណ្ឌា គឺបានអនុវត្តការហាមប្រាមរយៈពេលមួយម៉ោងលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅពេលល្ងាច ដោយសារតែព្រួយបារម្ភអំពីកង្វះទំនាក់ទំនងក្នុងសង្គមរបស់ប្រជាជន និង បញ្ហាកុមារមិនផ្តោតលើការសិក្សារបស់ពួកគេ។ លោក Jitender Dudi ដែលជាប្រធានផ្នែកវិធានការកាត់បន្ថយគ្រឿងអេឡិចត្រូនិច ក្នុងស្រុក Sangli បាននិយាយថា ៖ «ប្រាំមួយខែបានកន្លងផុតទៅ ខ្ញុំបានកត់សម្គាល់ឃើញថា មនុស្សបាននិយាយកាន់តែច្រើន សើចកាន់តែច្រើន ហើយសមាជិកគ្រួសារមានទំនាក់ទំនងគ្នាទៅវិញទៅមក ការប្រាស្រ័យទាក់ទងក្នុងសង្គមក៏ប្រសើរជាងដែរ»។ បន្ថែមពីនេះលោកក៏បានលើកឡើងដែរថា ៖ «បរិយាកាសក្នុងភូមិកាន់តែមមាញឹកនៅម៉ោង ៧ យប់ ប៉ុន្តែវាមិនរំខានដល់ក្មេងៗរៀន ដូចការរំខានពីទូរស័ព្ទ និង ទូរទស្សន៍ទេ ដោយមនុស្សបានភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដែលនេះជាគោលដៅរបស់យើង»។
គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២១ សហគមន៍ Jain នៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមការប្រកួតប្រជែង «ការមិនប្រើទូរស័ព្ទ» រយៈពេល ៥០ ថ្ងៃ សម្រាប់យុវជន ដែលមានមនុស្សជាង ២ ០០០ នាក់ ព្យាយាមនៅឱ្យឆ្ងាយពីអេក្រង់ទូរស័ព្ទយ៉ាងហោចណាស់រយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសម្រួលផ្លូវចិត្តរបស់ពួកគេ៕
ប្រភព ៖ Vietnam Posts English