ស្នងការស្រាយបំភ្លឺ ក្រោយមានគណនីផុសថា «ប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម កំពូលឈ្លើយ សម្ដីនិយាយដូចបាតផ្សារ»
នៅរសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ ទាក់ទងនឹងអាខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា ៖ «លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម (ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…» ជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់។
ចំពោះរឿងនេះ ខាងស្នងការបានបញ្ជាក់ថា នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៣:៣០ នាទី មានបុរសម្នាក់បានបើកបរម៉ូតូល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឃបានធ្វើការឃាត់ និង ពិន័យតាមច្បាប់។ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និង ដកពិន្ទុលើប័ណ្ណបើកបរ។
ជាមួយគ្នានេះ បុរសល្មើសខាងលើគាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបើកបរល្មើសភ្លើងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឱ្យសមត្ថកិច្ចធ្វើការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និង ធ្វើការផាកពិន័យនោះទេ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ