ឆាប់ៗនេះ ក្មេងក្រោម ១៨ ឆ្នាំ អាចលេង TikTok បានត្រឹម ១ ម៉ោងប៉ុណ្ណោះក្នុង ១ ថ្ងៃ
នាពេលថ្មីៗនេះ ក្រុមហ៊ុន TikTok បានដាក់ចេញវិធានការកំណត់ពេលវេលាលើអេក្រង់ សម្រាប់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម ១៨ ឆ្នាំ ដោយបានប្រកាសថា ការផ្លាស់ប្តូរនេះ គឺដើម្បីជួយមនុស្សវ័យជំទង់ឱ្យចេះគ្រប់គ្រងពេលវេលារបស់ពួកគេនៅលើ TikTok ។
ក្រុមហ៊ុនបាននិយាយថា រាល់គណនីរបស់អ្នកប្រើ ដែលមានអាយុក្រោម ១៨ ឆ្នាំ នឹងមានការកំណត់ដោយស្វ័យប្រវត្តិទៅលើបរិមាណមើលប្រចាំថ្ងៃរបស់ពួកគេមកត្រឹម ៦០ នាទីក្នុងពេលឆាប់ៗនេះ។ លើសពីនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា វានៅតែមានជម្រើសសម្រាប់ក្មេងជំទង់ ដែលចង់ប្រើ TikTok លើសរយៈពេលដែលបានកំណត់ ប៉ុន្តែពួកគេត្រូវតែបញ្ចូលនូវលេខសម្ងាត់ ដែលនេះជាការលើកឡើងរបស់ Cormac Keenan ប្រធានផ្នែកទំនុកចិត្ត និង សុវត្ថិភាពនៅក្នុង TikTok ។
លើសពីនេះ Keenan ក៏បានបញ្ជាក់ទៀតថា ៖ «យើងបានពិគ្រោះគ្នាពីការស្រាវជ្រាវបច្ចុប្បន្ន និង ជាមួយអ្នកជំនាញមកពី Digital Wellness Lab នៅមន្ទីរពេទ្យកុមារ Boston ដើម្បីជ្រើសរើសមុខងារកំណត់ពេលវេលានេះ»។ ការដាក់ឱ្យប្រើប្រាស់រយៈពេលកំណត់លើការមើល TikTok របស់ក្រុមហ៊ុននេះដែរ បានកើតឡើងនៅពេល ដែលអ្នកជំនាញជុំវិញពិភពលោកមានការព្រួយបារម្ភពីការចំណាយពេលវេលារបស់អ្នកប្រើប្រាស់ ដោយសារតែមនុស្សវ័យក្មេងបានចំណាយពេលលេង TikTok និង កម្មវិធីផ្សព្វផ្សាយសង្គមផ្សេងៗទៀត ហើយការសិក្សាក៏បានចង្អុលបង្ហាញពីផលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្តផងដែរ។
យ៉ាងណាមិញ ការសិក្សាមួយទៀតពីប្រព័ន្ធផ្សព្វផ្សាយ Common Sense ដែលជាអង្គការស្រាវជ្រាវមិនរកប្រាក់ចំណេញបានកត់សម្គាល់ឃើញថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យការប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើង ដោយសារតែក្នុងចំណោមមនុស្សវ័យជំទង់ និង ក្មេងអាយុពី ៨ ដល់ ១២ ឆ្នាំ គឺបានកើនឡើងដល់ ១៧ ភាគរយក្នុងចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ។ ការសិក្សានេះក៏បានបង្ហាញដែរថា នៅឆ្នាំ ២០២១ ក្មេងៗបានមើលទូរទស្សន៍ជារៀងរាល់ថ្ងៃជាមធ្យមពី ៥ ម៉ោង និង ៣៣ នាទីហើយមនុស្សវ័យជំទង់ប្រើពេលជាមធ្យម ៨ ម៉ោង ៣៩ នាទី។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ លោក James P. Steyer ស្ថាបនិក និង នាយកប្រតិបត្តិនៃអង្គការ Common Sense Media បាននិយាយថា ៖ «មុខងារថ្មីរបស់ TikTok ដែលបានកំណត់រយៈពេលសម្រាប់អ្នកប្រើប្រាស់ គឺពិតជាជំហានវិជ្ជមានមួយក្នុងការបង្កើតសុវត្ថិភាពសម្រាប់ក្មេងជំទង់ និង ក្រុមគ្រួសារ»។ លោក Steyer បានបន្តទៀតថា ៖ «TikTok បានបន្តយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលជំរុញឱ្យក្មេងឈានទៅរកមាតិកាណាបង្កគ្រោះថ្នាក់ ដូចជាបានបង្ហាញពួកគេឱ្យឃើញពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន អំពើហិង្សា និង បញ្ហាផ្សេងៗជាច្រើនទៀត»៕
ប្រភព ៖ USA Today