ទៅក្រេបទឹកឃ្មុំក្លាយជាទឹកខ្មេះ ព្រោះត្រូវក្រុមហ៊ុនទេសចរណ៍ទុកចោលកណ្ដាលសមុទ្រ ខឹងពេកប្ដឹងទារលុយ ៥ លានដុល្លារ
គូស្នេហ៍មួយគូ ទៅក្រេបទឹកឃ្មុំ ក្លាយទៅជាទឹកខ្មេះ ព្រោះមិនសុខចិត្តខឹងជាមួយនឹងក្រុមហ៊ុនទេសចរណ៍ ដែលទុកខ្លួនចោលឱ្យហែលទឹកកណ្តាលសមុទ្រគ្មានទិសដៅ ទ្រាំមិនបានស្រាប់តែប្តឹងទារលុយជិត ៥ លានដុល្លារទៀត។
គូស្នេហ៍មួយនេះ បានសម្រេចចិត្តជ្រើសយកក្រុមហ៊ុនទេសចរណ៍មួយឈ្មោះ Sail Maui ក្នុងការទៅក្រេបទឹកឃ្មុំរបស់ខ្លួន នា Lanai ជាកោះមួយតូច ស្ថិតនៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក។ ដោយក្នុងនោះកញ្ចប់ទេសចរណ៍នេះ ក៏ការនាំភ្ញៀវមុជទឹកសមុទ្រកម្សាន្តផងដែរ តែគូស្នេហ៍នេះបានឱ្យដឹងថា ខាងក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងការមុជនេះឡើយ ដោយគ្រាន់តែយកពួកគេទៅដាក់នៅកន្លែង ដោយមិនប្រាប់ពីម៉ោងត្រលប់ទៅវិញ មិនប្រាប់ពីរបៀបឡើងទូក និង មិនប្រាប់ពីការរក្សាសុវត្ថិភាពអ្វីឡើយ។
គូស្នេហ៍បន្តទៀតថា នៅពេលដែលខ្លួន កំពុងបណ្តែតខ្លួនលេងនៅលើទឹក ស្រាប់តែត្រូវហូរបោកទៅឆ្ងាយពីទូក ឯទូកវិញ មិនបានខ្នះខ្នែងជួយឡើយ បណ្តោយឱ្យខ្លួនត្រូវទឹកបោកគួចយ៉ាងវេទនាប៊ិះស្លាប់ ប៊ិះរស់ ទម្រាំរសាត់មកដល់ច្រាំងវិញ។ មកដល់ច្រាំងនេះទៀតសោត ពួកគេព្យាយាមសុំជំនួយ តែគ្មានទូកមួយគ្រឿងណាជិះកាត់សោះ តែសំណាងល្អ ដែលបានមកជួបអ្នកស្រុកនៅលើកោះ ក៏បានសុំទូរស័ព្ទទាក់ទងទៅខាងក្រុមហ៊ុនឱ្យមកជួយ តែមើលទៅក្រុមហ៊ុន មិនដឹងផងថាពួកគេបានបាត់ខ្លួនពីទូកនោះ។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានធ្វើឱ្យគូស្នេហ៍ទាំងគូភ័យតក់ស្លុតខ្លាំងណាស់ កុំតែពួកគេជាអ្នកកីឡា ដែលមានរាងកាយមាំមួន កុំអីប្រាកដជាលង់ទឹកស្លាប់បាត់ហើយ។ ហើយចុងក្រោយពួកគេក៏បានទាក់ទងជាមួយនឹងមេធាវី ដើម្បីប្តឹងសងជំងឺចិត្តពីក្រុមហ៊ុនទេសចរណ៍ខាងលើចំនួន ៥ លានដុល្លារផងដែរ ព្រោះមើលទៅដូចជាប្រមាថអាយុជីវិតរបស់ភ្ញៀវខ្លាំងណាស់៕