ទើបជួបស្គាល់គ្នាបាន ៣ ថ្ងៃ ម៉ែឪបង្ខំរៀបការ ព្រោះកូនកំលោះឱ្យថ្លៃទឹកដោះជិត ៥ ម៉ឺនដុល្លារ
ថ្មីៗនេះផ្ទុះការរិះគន់ពេញបណ្ដាញសង្គមចិន ក្រោយក្រុមគ្រួសារមួយបានបង្ខំឱ្យកូនស្រីជាមួយបុរសដែលទើបជួបគ្នាបាន ៣ ថ្ងៃ ព្រោះតែទទួលបានថ្លៃបណ្ណាការខ្ពស់ជិត ៥ ម៉ឺនដុល្លារ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅឯខេត្ត Sichuan ដោយយុវតីវ័យ ១៩ ឆ្នាំម្នាក់បានទម្លាយឱ្យដឹងថា៖ «ខ្ញុំ និងកូនកំលោះមិនដែលស្គាល់គ្នាពីមុនទេ ហើយពួកយើងទើបតែជួបគ្នាបាន ៣ ថ្ងៃ នៅពេលក្រុមគ្រួសារគេមកលេងសាច់ញាតិនៅទីនេះ ដោយពួកយើងគ្រាន់តែនិយាយគ្នាបានប៉ុន្មានម៉ាត់ប៉ុណ្ណោះ អ្វីដែលខ្ញុំនឹកស្មានមិនដល់ ៣ ថ្ងៃក្រោយស្គាល់គ្នា ឪពុកម្ដាយខ្ញុំមកប្រាប់ខ្ញុំថា ខ្ញុំត្រូវតែរៀបការជាមួយប្រុសម្នាក់នោះ ដោយពួកគាត់បានព្រមព្រៀងគ្នារួចហើយ»។
បើទោះបីជានាងបដិសេធមិនព្រមក៏មិនបានដែរ ព្រោះតែឪពុកម្ដាយនាងបានទទួលថ្លៃបណ្ណាការពីខាងកូនប្រុសរួចហើយ ចំនួន ៣០ ម៉ឺនយ័ន (ប្រមាណ ៤៣ ៤០០ ដុល្លារ) ហើយបើនាងធ្វើឱ្យខូចពិធីមង្គលការ ឬប្ដឹងលែងលះគ្នាភ្លាមៗក្រោយរៀបការ នោះនាងនឹងត្រូវសងថ្លៃបណ្ណាការទាំងអស់ឱ្យទៅគ្រួសារខាងប្រុសវិញ។
ដោយគ្រួសារនាងមិនសូវមានទ្រព្យ ហើយនាងក៏នៅក្មេងមិនទាន់មានការងារធ្វើ គ្មានជម្រើសនាងក៏បានយល់ព្រមរៀបការ ហើយធ្វើតាមប្រពៃណីដោយរើទៅនៅជាមួយគ្រួសារស្វាមីនាងទាំងរអៀសខ្លួន។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយអនឡាញ មហាជនជាច្រើនក៏បានសម្ដែងការមិនពេញចិត្ត ដោយលើកឡើងថា៖ «សម័យនេះទៅហើយនៅមានការបង្ខំឱ្យរៀបការទៀត ហើយជាពិសេសទាំងកូនក្រមុំមិនទាន់ត្រៀមខ្លួនការយ៉ាងទាន់ហន់បែបនេះ», «លក់កូនស្រីច្បាស់ណាស់ នេះមិនមែនការរៀបចំឱ្យកូនការទេ ពិតជាឪពុកម្ដាយដែលគ្មានទំនួលខុសត្រូវមែន», «ខ្ញុំចង់ឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះរឿងបង្ខិតបង្ខំកូនរៀបការ ដើម្បីកុំឱ្យប្រវត្តិបែបនេះកើតឡើងម្ដងហើយម្ដងទៀត» ជាដើម៕