ម្ដាយ Dom ទទួលធាតុកូនហែពីអង់គ្លេសទាំងរំជួលចិត្ត យកទៅធ្វើបុណ្យនៅស្រុកកំណើត
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ព័ត៌មានការស្លាប់របស់ Dom នៅវ័យ ១៨ ឆ្នាំ ដែលជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេង ១៣ នាក់ ដែលបានជាប់ក្នុងល្អាងភ្នំប្រទេសថៃ កាលពីឆ្នាំ ២០១៨ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលសោកស្តាយជាខ្លាំង។
Dom បានបាត់បង់ជីវិតនៅប្រទេសអង់គ្លេស ក្នុងពេលដែលគេបានទទួលអាហារូបករណ៍ទៅសិក្សាជំនាញបាល់ទាត់នៅទីនោះ ហើយចំណែកមូលហេតុនៃការស្លាប់វិញ ត្រូវបានគេឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ Dom ត្រូវបានគ្រូប្រទះឃើញសន្លប់បាត់សតិនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯង ទើបគ្រូក៏បានហៅឡានសង្រ្គោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ គ្រូពេទ្យបានឱ្យដឹងថា Dom ត្រូវប្រើឧបករណ៍ជំនួយដង្ហើម ដោយសារតែដង្ហើមរបស់គេហាក់ខ្សោយទៅៗ ដែលធ្វើឱ្យរាងកាយមិនទទួលដឹង រហូតបានមកបាត់បង់ជីវិតនាមន្ទីរពេទ្យ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។
យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៣ នេះ ធាតុរបស់ Dom ក៏បានត្រលប់មកដល់ប្រទេសថៃ ដែលមានម្តាយ និង ក្រុមគ្រួសារទៅទទួលនៅព្រលានយន្តហោះ ដោយមានការអញ្ជើញព្រះសង្ឃទៅជាមួយ ដើម្បីធ្វើពិធីទទួលផងដែរ។ ក្រោយមក គ្រួសារក៏យកធាតុនេះ ទៅធ្វើបុណ្យតាមប្រពៃណីសាសានាម្តងទៀត នាខេត្តឈៀងរ៉ាយ ដែលជាស្រុកកំណើតរបស់៕