ដំរីព្រៃ ៥០ ក្បាលនៅថៃ លុកលុយចូលភូមិអ្នកស្រុក ស៊ីចេកអំពៅបំផ្លាញដំណាំអស់ ២០០០ រ៉ៃ
ថ្មីៗនេះ ដំរីព្រៃប្រមាណ ៥០ ក្បាលបានចូលទៅក្នុងដីកសិកម្មអ្នកស្រុក Phra Kradueng ដោយបានចេញពីពីដែនជម្រកសត្វព្រៃ Phu Luang ស្ថិតនៅភាគឦសាននៃប្រទេសថៃ ហើយបានបំផ្លាញដំណាំអ្នកស្រុកអស់ចំនួន ២០០០ រ៉ៃ។
មកទល់ពេលនេះ គេបានកំណត់បានថា ផ្ទៃដីចំនួន ២០០០ រ៉ៃ ត្រូវបានបំផ្លាញ ដែលនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិករយ៉ាងធ្ងន់ធ្ងរ ខណៈដែលកសិករមានភាពភ័យខ្លាចខ្លាំង ព្រោះមិនមានភាពប្រាកដប្រជាថាហ្វូងដំរីនោះបានចូលទៅក្នុងព្រៃវិញហើយឬនៅ។ ដោយភាពភ័យខ្លាច ប្រជាកសិករក៏មិនហ៊ានទៅប្រមូលផលដំណាំដែលនៅសេសសល់ដែរ។
តាមការបញ្ជាក់ពីលោក Phuriwat Chotinparat ដែលជាចៅហ្វាយស្រុក Phra Kradueng បាននិយាយថា ៖ «មនុស្សមួយក្រុមបានប្រមូលផ្តុំគ្នា ដើម្បីព្យាយាមរកវិធីជំរុញ ឬធ្វើយ៉ាងណាឱ្យហ្វូងសត្វដំរីនេះត្រឡប់ទៅដែនជម្រកសត្វព្រៃវិញ ហើយសម្រាប់អ្នកភូមិ ដែលរងផលប៉ះពាល់ យើងព្យាយាមពន្យល់ថា ដោយសារតែដំរីញៀននឹងរសជាតិអាហារ ជាពិសេសចេក និង អំពៅ ទើបវាចេញមកបែបនេះ»។ លោកបានបន្តទៀតថា ៖ «នេះជាលើកទីមួយហើយដែលដំរីព្រៃបានមករស់នៅក្នុងព្រៃ Phu Kho Phu ហើយនៅចន្លោះពីម៉ោង ៤ ដល់ ៦ ល្ងាច ជារៀងរាល់ថ្ងៃ ដំរីតែងតែចេញមករកចំណី ប៉ុន្តែពួកវាមិនស៊ីដំណាំទាល់តែអស់ទេ គឺវាស៊ីស្មៅហើយក៏រុះរើរកស្មៅទើបក្លាយជាហេតុបណ្ដាលឱ្យខូចខាតដំណាំ»។
ដោយឡែក ខាងមេភូមិវិញបានបាននិយាយថា ៖ «កសិករត្រូវបានណែនាំឱ្យប្រមូលផលអំពៅ ដែលនៅសល់តាមអាចធ្វើបាន មុនពេលអ្វីៗទាំងអស់ត្រូវខូចខាតទាំងស្រុង ប៉ុន្តែកសិករមួយចំនួនមានការភ័យខ្លាចខ្លាំងពេកក្នុងការចូលទៅចម្ការរបស់ពួកគេ»។ លើសពីនេះទៅទៀត កសិករប្រហែលជាត្រូវផ្លាស់ប្ដូរជម្រើសដំណាំរបស់ពួកគេ ឱ្យទៅជាតំបន់គ្មានអំពៅ ដើម្បីកុំឱ្យមានភាពទាក់ទាញចំពោះដំរី។
គួរដឹងដែរថា កាលពីខែមុន ស្ត្រីវ័យ ៧១ ឆ្នាំម្នាក់ ដែលកំពុងស្រោចទឹកលើដើមឈើរបស់នាង បានត្រូវដំរីជាន់ ប៉ុន្តែសំណាងល្អ នាងរងរបួសស្រាលតែប៉ុណ្ណោះ។ ចំណែកឯករណីមួយទៀតក្នុងខែកញ្ញាកន្លងទៅ មានដំរីមួយក្បាលបានរត់ចូលផ្ទះអ្នកភូមិក្នុងខេត្ត Prachin Buri ហើយបានស៊ីប្រហុក ផ្អក និង ម្ហូបអាហារផ្សេងៗទៀត ក្រោយមកក៏រត់ចូលទៅក្នុងព្រៃវិញ ហើយនៅក្នុងខែវិច្ឆិកា មានករណីដំរីព្រៃមួយក្បាលទៀតត្រូវបានឆក់ចរន្តអគ្គិសនីងាប់ ដោយសារតែកសិករម្នាក់ដាក់ខ្សែភ្លើងនៅតាមរបងការពារដើមខ្នុររបស់គេ៕
ប្រភព ៖ Thaiger