ជួលមេអណ្ដើកឱ្យជួយរកគូ មានអីឃើញមេអណ្ដើកបាក់ចិត្តស្រឹប ដណ្ដឹងយកធ្វើប្រពន្ធ
រឿងស្នេហាលើលោកនេះ គឺមានច្រើនបែបណាស់ ហើយគ្មាននរណាអាចកំណត់បាននោះទេ ជាក់ស្ដែងថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមចិន ក្រោយបុរសវ័យ ៣៤ ឆ្នាំម្នាក់ បានទៅជួលមេអណ្ដើកឱ្យរកគូព្រេងដើម្បីរៀបការ តែបែរជាចាញ់ស្នេហ៍មេអណ្ដើកដណ្ដឹងនាងធ្វើប្រពន្ធវិញ។
ពិធីមង្គលការដែលនឹកស្មានមិនដល់រវាងមេអណ្ដើក និងភ្ញៀវកំលោះរូបនេះ បានធ្វើឱ្យអ្នកស្រុកក្នុងខេត្ត Shanxi ប្រទេសចិន ហាក់ចាប់អារម្មណ៍ជាខ្លាំង ព្រោះតែវាហាក់ជាស្នេហាចៃដន្យមិននឹកស្មានដល់។
តាមការរៀបរាប់បានឱ្យដឹងថា៖ «បុរសម្នាក់នេះ មកពីគ្រួសារមធ្យមមួយ ដោយលោករៀនមិនបានខ្ពស់ទេ ប៉ុន្ដែលោកមានការងារធ្វើជាមួយប្រាក់ចំណូលសមរម្យ ហើយលោកជាមនុស្សមិនសមបំណងក្នុងរឿងស្នេហា ដោយអាយុ ៣៤ ឆ្នាំហើយ នៅតែរកគូមិនទាន់បាន ទើបសម្រេចចិត្តទៅជួលមេអណ្ដើកឱ្យជួយរកគូតាមទំនៀមទម្លាប់ចិន។ នៅពេលដែលបានស្គាល់ និង និយាយគ្នាជាមួយមេអណ្ដើកដែលមានអាយុក្មេងជាងលោក ១ ឆ្នាំ បុរសរូបនោះហាក់ចាប់អារម្មណ៍លើនាង ហើយចង់ដឹងពីនាងច្រើនជាងទៅវិញ»។
«ដោយលោកចាប់ផ្ដើមសួររឿងពីស្ត្រីជាមេអណ្ដើកច្រើនជាងរកគូ ដោយរកឃើញថានាងមិនធ្លាប់មានប្រវត្តិរៀបការ ឬមានសង្សារទេ ធ្លាប់តែផ្សំផ្គុំឱ្យអ្នកផ្សេងមានគូ ហើយមេអណ្ដើករូបនេះជាមនុស្សរួសរាយ និង កំប្លែង ដោយនៅក្បែរនាងធ្វើឱ្យលោកមានក្ដីសុខ។ ស្គាល់គ្នាមួយរយៈអ្នកទាំងពីរបានចាប់ផ្ដើមលង់ស្រឡាញ់គ្នា ហើយបុរសរូបនោះសម្រេចចិត្តថាឈប់ជួលនាងរកគូទៀត តែយកនាងធ្វើជាប្រពន្ធវិញ។ អ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ»៕