រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មាន ដែលបានចុះផ្សាយលើហ្វេសប៊ុកផេកក្លែងក្លាយ
កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជាសាធារណៈថា នាពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើតផេកហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើឈ្មោះ និង និម្មិតសញ្ញា (Logo) របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។
ហេតុដូចនេះ ទើបរដ្ឋបាលរាជធានី បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតទាំងឡាយណា ដែលបានផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុក ដោយបានបន្ថែមទៀតថា ដើម្បីឱ្យសាធារណជនងាយស្រួលក្នងការបែងចែករវាងផេកហ្វេសប៊ុក ផ្លូវការ និង ហ្វេសប៊ុក ក្លែងក្លាយ រដ្ឋបាលបានគូសបញ្ជាក់ថា ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាល មានអ្នកគាំទ្រចំនួនជាង ប្រមាណ ៤៦ ម៉ឺននាក់ (Likes) និង អ្នក Follows ប្រមាណ ៤៧ ម៉ឺននាក់ ដែលជាប្រភេទផេក Government Organization ដោយជាបណ្ដោះអាសន្ន រដ្ឋបាលបានប្ដូររូប Cover ទៅជារូបរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំវិញ។
មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីផេកហ្វេសប៊ុកក្លែងក្លាយទាំងឡាយ។ ចំណែកឯម្ចាស់ផេកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និង លុបចោលនូវហ្វេសប៊ុកផេកក្លែងក្លាយជាបន្ទាន់ ករណីមិនធ្វើតាមការណែនាំ រដ្ឋបាលនឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកដាក់ទោសតាមច្បាប់ជាធរមាន៕
ប្រភព និង រូបភាព ដោយ៖ ក្រសួងព័ត៌មាន