ក្ដៅៗ! ស្នងការបំភ្លឺករណីម្ចាស់គណនីមួយបង្ហោះថា «ក្រៅពីចោរគឺប៉ូលិសនេះហើយ» ក្រោយប៉ូលិសហៅនៅស្តុបអាងទឹកអូរឡាំពិក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ដែលកំពុងផ្ទុះល្បីលើបណ្ដាញសង្គម បង្ហោះដោយគណនីមួយដែលមានឈ្មោះ Rachana Kim។
ចំពោះរឿងនេះ ខាងស្នងការបានបញ្ជាក់ឱ្យដឹងថាស្ត្រីម្នាក់ដែលបានបើកបរឆ្លងផុតគំនូសស ឬ គំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងហើយ ភ្លើងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យ ហើយក៏មិនបានប្រើប្រាស់កាយវិការ ពាក្យសម្តីមិនសមរម្យនោះទេនៅពេលមន្ត្រីហៅគាត់ឈប់ដើម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូត ដោយមិនមានរណាម្នាក់ធ្វើអ្វីគាត់ផងនោះ ឃើញដូច្នេះមន្ត្រីក៏បានប្រាប់គាត់ឱ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំអប់រំ ហើយឱ្យគាត់បើកចេញទៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា អ្នកដែលល្មើសច្បាប់ត្រូវតែធ្វើការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និង បង្ហាញពីកិត្យានុភាព និង កិត្តិយសរបស់ប្រជាជាតិ និង ប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ។ ដូច្នេះ បើមានភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហើយមិនគោរព តើវានឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វើឱ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឱ្យពិការ និង បាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផង។
ខាងស្នងការបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬ បត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕