ការសិក្សាថ្មីរកឃើញថា មនុស្សជាងពាក់កណ្ដាលពិភពលោក នឹងធាត់លើសទម្ងន់នៅឆ្នាំ ២០៣៥
សហព័ន្ធភាពធាត់ពិភពលោក ក្នុងឆ្នាំ ២០២៣ នេះ បានសិក្សាព្យាករណ៍ថា ៥១ ភាគរយនៃចំនួនប្រជាជនលើពិភពលោក ឬ មនុស្សប្រមាណជាង ៤ ពាន់លាននាក់ នឹងកើតជំងឺធាត់ ឬ ឡើងទម្ងន់ខ្លាំងក្នុងចន្លោះពេល ១២ ឆ្នាំខាងមុខនេះ។ តាមរបាយការណ៍ពីខាងសហព័ន្ធនេះដែរ បានរកឃើញថា អត្រាភាពធាត់ គឺមានការកើនឡើង ជាពិសេសកើនឡើងលើក្មេងៗ និង នៅតាមប្រទេសដែលមានប្រាក់ចំណូលទាប។
លោកស្រី Louise Baur ប្រធានសហព័ន្ធភាពធាត់ពិភពលោក បានថ្លែងបញ្ជាក់ថា៖ «វាពិតជាគួរឱ្យបារម្ភណាស់ ដែលឃើញអត្រាភាពធាត់មានការកើនឡើងយ៉ាងរហ័សលើក្មេងៗ និង យុវវ័យ។ រដ្ឋាភិបាល និង អ្នកនយោបាយជុំវិញពិភពលោក ត្រូវធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសការចំណាយលើសុខភាព សង្គម សេដ្ឋកិច្ចដល់ក្មេងៗជំនាន់ក្រោយ»។
តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា ភាពធាត់លើក្មេងៗ អាចនឹងកើនឡើងលើសទ្វេដងលើសកម្រិតក្នុង ២០២០ ទៅទៀត ពោលគឺក្មេងប្រុសកើនដល់ ២០៨ លាននាក់ និង ក្មេងស្រីឡើងដល់ ១៧៥ លាននាក់ ក្នុងឆ្នាំ ២០៣៥៕