(វីដេអូ) ស្ដែងៗ! ឆេះអគារខ្ពស់សន្លឹមនៅហុងកុង បែកផ្កាភ្លើងដូចកាំជ្រួចខ្ទាតធ្លាក់លើមនុស្សនៅក្រោមរងរបួស
អគារខ្ពស់សន្លឹមមួយនៅហុងកុង ត្រូវបានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតបែកផ្កាភ្លើងព្រាត ធ្លាក់បំណែកដែលឆេះចុះមកក្រោមលើពលរដ្ឋតាមដងផ្លូវគួរឱ្យរន្ធត់។
តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់បានឱ្យដឹងថា អគ្គិភ័យនេះដែរ បានចាប់ឆាបឆេះឡើងនៅវេលាម៉ោងប្រមាណ ១១ និង ១០ នាទីយប់ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ (ពេលវេលាក្នុងតំបន់) នាតំបន់ Tsim Sha Tsui ដែលជាតំបន់មានអ្នកទេសចរ និង អ្នកលក់ដូរយ៉ាងមមាញឹក។ អណ្ដាតភ្លើង ត្រូវបានប្រទះឃើញដំបូងចេញពីរន្ទានៅលើកំពូលអគារ ដែលស្ថិតក្រោមការសាងសង់នៅឡើយ រហូតមួយម៉ោងក្រោយមក ភ្លើងក៏បានរាលដាលឆេះចុះមកក្រោមខ្លាំងទៅៗរហូតបែកផ្កាភ្លើង។
ជាមួយគ្នានោះដែរ តាមរបាយការណ៍ក្នុងតំបន់ មនុស្ស ២ នាក់បានរងរបួស ដោយសារបំណែកដែលឆេះធ្លាក់មកលើ។ ពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Queen Elizabeth ដើម្បីទទួលការព្យាបាល។ យ៉ាងណាមិញ ចំនួនករណីស្លាប់ គឺនៅមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេ៕