ម៉ាឡេស៊ី ជម្លៀសពលរដ្ឋជិត ៣ ម៉ឺននាក់ ព្រោះជំនន់ទឹកភ្លៀងវាយប្រហារ
មនុស្សប្រមាណជាង ២៧ ០០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះនៅក្នុងរដ្ឋ Johor, Pahang, Negeri Sembilan និង Melaka របស់ប្រទេសម៉ាឡេស៊ី ដោយសារតែទឹកជំនន់ភ្លៀងវាយប្រហារ ក្រោមឥទ្ធិពលខ្យល់មូសុងឦសាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ Bernama បានឱ្យដឹងថា រដ្ឋ Johor គឺជារដ្ឋ ដែលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្សជាង ២៥ ០០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពនៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ កន្លងនេះ បើធៀបទៅនឹងយប់ថ្ងៃទី ១ គឺមានចំនួន ៩ ១៦២ នាក់។ ក្រៅពីនេះ ស្រុកដែលរងផលប៉ះពាល់ជាងគេគឺ Segamat ដែលមានគ្រួសារចំនួន ២០៥០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះចំនួន ៥៥ កន្លែង។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Star បានរាយការណ៍ថា ស្រុកទាំង ១០ ក្នុងតំបន់ Johor បានរងគ្រោះដោយសារទឹកជំនន់ ដោយមានមនុស្សជាង ២៥ ០០០ នាក់ត្រូវបានជម្លៀសចេញ ដែលចំនួនជនរងគ្រោះនេះបានកើនឡើងដល់ទៅ ៤ ដងនៃចំនួនជនរងគ្រោះកាលពី ២០ ម៉ោងមុន ដែលមានត្រឹមតែ ៥ ៦៧៩ នាក់ប៉ុណ្ណោះ។
ចំណែកឯ ប្រមុខរដ្ឋ Johor លោក Onn Hafiz Ghazi បាននិយាយថា ៖ «កិច្ចប្រជុំបន្ទាន់មួយជាមួយភ្នាក់ងារទាំងអស់ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី ១ ខែមីនា កន្លងទៅ ក្រោយពីស្ថានភាពទឹកជំនន់មានសភាពធ្ងន់ធ្ងរនៅក្នុងរដ្ឋនេះ»។ លោកបានមានប្រសាសន៍ទៀតថា ៖ «កិច្ចប្រជុំនេះត្រូវបានធ្វើការសង្ខេបអំពីស្ថានភាពនៅ Segamat ជាពិសេសនៅ Chaah, Pemanis, Tenang និង Labis ហើយខ្ញុំបានស្នើដល់ភ្នាក់ងារ ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងភស្តុភារផ្តល់តង់ និង ត្រៀមអាហារឱ្យរួចជាស្រេចដល់ជនរងគ្រោះ»។
ដោយឡែក នៅ Pahang ចំនួនអ្នកជម្លៀសនៅក្នុងស្រុកចំនួន ៥ បានកើនឡើងពី ៣៧៤ នាក់ ទៅ ១ ៣៧៥ នាក់នៅថ្ងៃទី ២ នេះ ដែលពួកគេទាំងអស់ត្រូវបានគេដាក់ឱ្យនៅមជ្ឈមណ្ឌលសង្គ្រោះចំនួន ២៦ ហើយនាយកដ្ឋានឧតុនិយមរបស់ម៉ាឡេស៊ី ក៏បានព្យាករណ៍នៅថ្ងៃទី ២ ខែមីនា នេះដែរថា ភ្លៀងនឹងបន្តធ្លាក់មកផ្នែកជាច្រើននៃទីក្រុង Johor ចាប់ពី ថ្ងៃទី ២ ដល់យប់ថ្ងៃទី ៣ នេះ។
ទន្ទឹមនឹងនេះ នាយកដ្ឋានលូ និង ប្រព័ន្ធធារាសាស្រ្ត (DID) បានលើកឡើងថា កម្រិតទឹកនៃទន្លេចំនួន ១៦ ក្នុងទីក្រុង Johor បានលើសកម្រិតគ្រោះថ្នាក់ហើយ ដោយគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២ នេះ ខណៈដែលទន្លេចំនួន ២ គឺ Sungai Lenik និង Sungai Gemas បានឡើងលើសកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតឈានដល់កម្រិតគ្រោះថ្នាក់ ២.៥ ម៉ែត្រ និង ១.៩៦ ម៉ែត្ររៀងគ្នា។
គួរបញ្ជាក់ដែរថា កាលពី ៣ ខែមុនរដ្ឋជាច្រើនរួមទាំង Johor បានរងការវាយប្រហារដោយសារទឹកជំនន់ខ្លាំង ហើយប្រជាជនចំនួន ៧០ ០០០ នាក់ក៏ត្រូវបានជម្លៀសចេញ ព្រោះទឹកជំនន់នេះ គឺជាបាតុភូតប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសាន បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងចាប់ពីខែវិច្ឆិកាដល់ខែមីនា៕
ប្រភព ៖ CNA