ខំប្រថុយជីវិតជួយអ្នកលង់ទឹក បែរគេមិនសរសើរ ថែមរិះគន់ដូចព្យុះលើពណ៌សក់ និង ស្នាមសាក់ទៅវិញ
រឿងរ៉ាវហួសចិត្តមួយបានកើតនៅប្រទេសចិន ក្រោយបុរសម្នាក់ទទួលបានពាក្យរិះគន់ជំនួសការអរគុណបន្ទាប់ពី ខំប្រថុយប្រថានជីវិតចុះទៅជួយជនរងគ្រោះលង់ទឹកនៅឯតំបន់ Wusi ខេត្ត Jiangsu។
បុរសរូបនោះដែរត្រូវបានស្គាល់ឈ្មោះថា Feng បានឱ្យដឹងថា៖ «អំឡុងពេលឆ្លងកាត់ស្ពានឆ្លងទន្លេ លោកឮសំឡេងគេស្រែកឱ្យជួយ ហើយក៏បានដោះអាវខ្លួនចេញដោយព្រលែងមួយកំណាត់លើទទេ មុននឹងលោតចុះទឹកទៅជួយជនរងគ្រោះ។ ក្រោយជួយសង្គ្រោះរួចលោកក៏ទទួលបានការអរគុណពីជនរងគ្រោះម្នាក់នោះ»។
ពេលត្រឡប់មកផ្ទះ Feng បានបង្ហោះរឿងនេះចូលក្នុងបណ្ដាញសង្គម ដោយបន្ថែមជាមួយដំបូន្មានថា៖ «មុននឹងលោតចុះទឹកទៅជួយអ្នកលង់ទឹក អ្នកគួរតែដោះសម្លៀកបំពាក់ធ្ងន់ៗរបស់អ្នកចេញ ដើម្បីជួយកាត់បន្ថយបន្ទុក ហើយអាចឱ្យស្រាលខ្លួនហែលទឹកបានលឿន»។
ផ្ទុយពីទទួលបានការកោតសរសើរចំពោះភាពក្លាហានដែលលោកជួយសង្គ្រោះជីវិតអ្នកដទៃ Feng បែរជាទទួលបានពាក្យរិះគន់ពីសំណាក់មហាជនជាច្រើន ជាពិសេសពាក់ព័ន្ធនឹងរឿងពណ៌សក់ក្រហមរបស់លោក ព្រមជាមួយស្នាមសាក់លើខ្លួនលោក ដោយភាគច្រើនពោលថា លោកហាក់បីដូចជាក្រុមម៉ាហ្វៀរអ្នកលេង ហើយរូបរាងមិនស័ក្ដិសមជាមនុស្សឱ្យដំបូន្មានអ្នកដទៃជាដើម។ តែទោះបីជាគេរិះគន់យ៉ាងណាចំពោះរូបរាង លោក Feng បាននិយាយទៅវិញថា៖ «លោកមិនខ្វល់ពីសម្ដីរបស់អ្នកដទៃប៉ុន្មានទេ ព្រោះអ្នកដែលថាឱ្យលោកបែបនេះ ភាគច្រើនជាមនុស្សមើលតែសម្បកក្រៅតែប៉ុណ្ណោះ»៕