ក្រសួងនឹងពិចារណាតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ក្រោយពលរដ្ឋត្អូញត្អែរថាថ្លៃពេក
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិសិ្សតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ បានគូសបញ្ជាក់ឱ្យបានដឹងថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «មានអ្នកខ្លះស្រែកថា ប៉ាស្ព័រ ថ្លៃពេក រដ្ឋាភិបាលនឹងពិចារណាទៀត តម្លៃប៉ុនណាដែលសមស្រប រដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោតដោយពលរដ្ឋស្រឡាញ់គាំទ្រ»។ ភ្ជាប់នឹងរឿងនេះ សម្ដេចក្រឡាហោមបានថ្លែងថា ក្រសួងមហាផ្ទៃ បានបញ្ជូនបញ្ជីឈ្មោះអ្នកហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមឃុំ-សង្កាត់ រួចរាល់ហើយ។ ដូច្នេះ អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវអញ្ជើញប្រជាពលរដ្ឋដែលបានកាន់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ឱ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។
គួរឱ្យដឹងផងដែរថា បើយោងតាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្នតម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ ត្រូវបង់ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ និង សេវារយៈពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ៕
ប្រភព៖ ក្រសួងព័ត៌មាន