ផ្អើលពេញសាលា! សិស្ស ១៥ នាក់ នៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ស្រាប់តែមានអាការឈឺក្បាល ឈឺពោះ ក្អួត និង ថប់ដង្ហើម
នៅរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យបានដឹងថា នាវេលាម៉ោង ០៩ ព្រឹក ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ មានសិស្សានុសិស្ស ចំនួន ១៥ នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការឈឺក្បាល ឈឺពោះ ក្អួត និង ថប់ដង្ហើម បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងនៅថ្ងៃនេះថា សិស្សទាំង ១៥ នាក់ ដែលមានអាការឈឺក្បាល ឈឺពោះ ក្អួត និង ថប់ដង្ហើមនោះ មានសិស្សប្រុសចំនួន ០២ នាក់ និង សិស្សស្រីចំនួន ១៣ នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈក្រោយពីមានអាការទាំងនេះកើតឡើង លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ច និង អាណាព្យាបាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។
ទន្ទឹមនោះ បើយោងតាមកការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ បានឱ្យដឹងថា សិស្សទាំង ១៥ នាក់នោះ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកមិនស្អាត សិស្សមួយចំនួនមានជំងឺប្រចាំកាយ ហើយអ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការបែបនេះកាលពី ថ្ងៃទី ២៤ ខែកុម្ភៈ និង ថ្ងៃនេះក៏មានកើតមានជំងឺនោះទៀត ហើយមានអ្នកកើតជំងឺនេះថ្មី ចំនួន ០៧ នាក់ សរុបគឺ ១៥ នាក់។ មកទល់នេះមាន ១៣ នាក់ មានអាការធម្មតាឡើងវិញ ត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ ០២ នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ