បុរសម្នាក់បាត់ខ្លួនអស់ច្រើនថ្ងៃ សាច់ញាតិខំតាមរក ចុងក្រោយឃើញនៅក្នុងពោះត្រីឆ្លាម
សារព័ត៌មាន Sputnik បានចុះផ្សាយនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះថា បុរសម្នាក់បានបាត់ខ្លួនជាច្រើនថ្ងៃ ត្រូវបានសាច់ញាតិតាមរក ត្រូវបានគេរកឃើញនៅក្នុងពោះរបស់ត្រីឆ្លាមទៅវិញ។ សាច់ញាតិរបស់ម្នាក់ ដែលបានបាត់ខ្លួនពេលនេះបានកំណត់អត្តសញ្ញាណសាកសពរបស់លោកបាន ដោយសារតែស្នាមសាក់មួយ ដែលមានលើខ្លួនលោក ខណៈដែលការធ្វើតេស្ត DNA នៅមិនទាន់ធ្វើនៅឡើយទេ។
យ៉ាងណាមិញ អ្នកបាត់ខ្លួននោះត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុរសអាយុ ៣២ ឆ្នាំម្នាក់ ឈ្មោះ Diego Barria ត្រូវបានគេឃើញចុងក្រោយពេលជិះ ATV នៅជិតឆ្នេរសមុទ្រក្នុងខេត្ត Chubut កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ហើយក្រោយមករថយន្តរបស់លោកបានខូច ពេលដែលលោកនៅឯឆ្នេរមួយនៅជិត Rocas Coloradas កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យលោកបាត់សញ្ញាតាមដានតាំងពីពេលនោះមក។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ អ្នកនេសាទពីរនាក់បានទាក់ទងទៅឆ្មាំឆ្នេរសមុទ្រទាក់ទងនឹងការចាប់ត្រីឆ្លាមចំនួនបីលើកចុងក្រោយរបស់ពួកគេ ដោយបាននិយាយថា ៖ «ក្រពះរបស់ត្រីមួយនេះ ដូចជាមានផ្ទុកនូវអ្វីម្យ៉ាង ដែលមើលទៅដូចជាមនុស្ស»។ លុះពេលបានពិនិត្យសាកសពរួចហើយ សមាជិកគ្រួសារក៏បានទទួលស្គាល់ថានោះគឺ Barria ដោយសារតែមានស្នាមសាក់ ដែលនេះគឺជាការលើកឡើងរបស់ Daniela Millatruz មន្ត្រីអនុវត្តច្បាប់ ដែលទទួលបន្ទុកស្វែងរកបុរសបាត់ខ្លួននោះ។
លើសពីនេះទីទៀត លោក Cristian Ansaldo ប្រធាននាយកដ្ឋានប៉ូលិសនៅ Comodoro Rivadavia បានប្រាប់អ្នកសារព័ត៌មានថា សាកសពរបស់មនុស្សនេះនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ជាផ្លូវការនូវអត្តសញ្ញាណរបស់អ្នកស្លាប់ ព្រោះវានៅតែមិនមានភាពច្បាស់លាស់ពីអ្វី ដែលបានកើតឡើងចំពោះ Barria ហើយអ្នកស៊ើបអង្កេតសង្ស័យថា Barria មានឧបទ្ទវហេតុណាមួយកើតឡើង ឬ ត្រូវបានគេអូសទម្លាក់ទឹក៕
ប្រភព ៖ Sputnik