វិហារមួយនៅឥណ្ឌា ប្រើដំរីយន្តជំនួសដំរីពិតក្នុងពិធីសាសនា ដើម្បីបញ្ឈប់ការជិះជាន់កម្លាំងសត្វ
វិហារមួយកន្លែងនាភាគខាងត្បូងប្រទេសឥណ្ឌា បានប្រើប្រាស់ដំរីយន្ត ដើម្បីប្រារព្ធធ្វើពិធីសាសនា ដែលមានរូបរាង និង សកម្មភាពសឹងតែដូចនឹងដំរីពិតៗ។
វិហារ Shree Krishna នារដ្ឋ Kerela ប្រទេសឥណ្ឌា ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយវិហារមួយនេះបានប្រើប្រាស់ដំរីយន្តមួយឈ្មោះ Irinjadappilly Raman ដើម្បីប្រារព្ធធ្វើពិធីតាមសាសនារបស់ហិណ្ឌូ។ តាមឱ្យដឹង ដំរីយន្ត Irinjadappilly Raman ត្រូវបានបរិច្ចាគដោយមូលនិធិ Animal Welfare Foundation (PETA) ដោយដំរីយន្តមួយគ្រឿងនេះ មានកម្ពស់ ៣ ម៉ែត្រ ទម្ងន់ ៨០០ គីឡូក្រាម។ ការបរិច្ចាគនេះ គឺក្នុងបំណងជំរុញឱ្យរាល់វិហារទាំងអស់នៅរដ្ឋ Kerala បញ្ឈប់ការជិះជាន់លើកម្លាំងរបស់សត្វតទៅទៀត។
គួរឱ្យដឹងថា ដំរីយន្ត Irinjadappilly Raman មានតម្លៃប្រមាណ ៥០ ម៉ឺនរូពី ( ប្រមាណ ៦ ពាន់ដុល្លារ) អាចធ្វើសកម្មភាព និង ចលនាបានដូចទៅនឹងដំរីពិតៗ ដូចជា វាអាចបក់កន្ទុយបាន បក់ត្រចៀកចុះឡើង ក្រវីក្បាល បើកភ្នែកបិទភ្នែកជាដើម។ ជាងនេះទៅទៀត ដំរីយន្តនេះដែរ អាចដើរទៅមុខបានថែមទៀតផងដោយប្រើប្រាស់កង់ភ្ជាប់នឹងជើងរបស់វា៕