កក្រើកមិនខាន! ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ កម្ពុជាគ្រោងបង្ហាញទស្សនីយភាពល្បុក្កតោ ២ ធំៗ
យោងតាមគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ បានចុះផ្សាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា កម្ពុជានឹងបង្ហាញទម្រង់ទស្សនីយភាពល្បុក្កតោចំនួនពីរធំៗ ដែលអ្នកជំនាញបានអះអាងថានឹងធ្វើឱ្យមានភាពអស្ចារ្យនៅក្នុងពីធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា ៖ «ដើម្បីអបអរសាទរកម្មវិធីបើក-បិទកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទម្រង់ទស្សនីយភាព ២ ធំៗ ដូចជា ទ័ពសម័យអង្គរនៅក្នុងផែនទស្សនីយភាព «រុងរឿងនៃអង្គរ» និង ល្បុក្កតោសម័យទំនើប ដែលធ្វើទំនើបកម្មកីឡាគុនល្បុក្កតោទៅជាចង្វាក់ភ្លេង និង ទស្សនីយភាពបែប LED ថ្មីមួយនៅក្នុងទស្សនីយភាព «ភាពរុងរឿងនៃកម្ពុជា» នឹងបង្ហាញចេញនូវភាពអស្ចារ្យ។
លើសពីនេះ លោក អ៊ួ តារា បានបញ្ជាក់ទៀតថា ៖ «យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យ ក្នុងពិធីបើកស៊ីហ្គេម។ រីឯក្នុងកម្មវិធីបិទស៊ីហ្គេមក៏នឹងមានកម្លាំង ៦០០ នាក់ សម្តែងទស្សនីយភាពមួយទៀតគឺ «មហាព្រលឹងគុនល្បុក្កតោ»។ សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោនឹងមានកម្លាំងចំនួន ១២០០ នាក់ ដោយចំនួននេះមានចំនួនតិចជាងចំនួនមនុស្សដែលចូលរួមសម្តែងព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ កាលពីចុងឆ្នាំ ២០២២ កន្លងទៅ ប៉ុន្តែគុណភាព និង ទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភាខាងមុខនេះនឹងព្យាយាមធ្វើឱ្យបានល្អ និង អស្ចារ្យតាមគោលដៅដែលយើងចង់បាន»។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម. និង មេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានកងអង្គរក្សបានមានប្រសាសន៍ថា ៖ «កងកម្លាំងសម្តែង ១២០០ នាក់ នឹងបន្តសហការឱ្យបានល្អជាមួយក្រុមគ្រូបង្វឹកមកពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និង ក្រុមជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីហ្វឹកហាត់គ្រប់ទម្រង់ទស្សនីយភាពឱ្យបានល្អក្នុងពិធីបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នេះ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នឹងត្រូវធ្វើឡើងជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ៥ ខែឧសភា និង ពិធីបិទផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ ចំណែកឯកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕
ប្រភព និង រូបភាពដោយ ៖ Cambodia 2023