ថៃ ចង់ស្នើឱ្យកម្ពុជាបញ្ចុះតម្លៃសិទ្ធិផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមតាមទូរទស្សន៍ ព្រោះសាញថាថ្លៃពេក
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅសារព័ត៌មាន Thaiger បានចុះផ្សាយថា កម្ពុជាបានក្លាយជាម្ចាស់ផ្ទះដំបូងគេនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលគិតថ្លៃសិទ្ធិចាក់ផ្សាយដល់ប្រទេសជាសមាជិកក្នុងតម្លៃ ៨០០ ០០០ ដុល្លារអាមេរិក ឬ ប្រហែល ២៨ លានបាត។ ស្របគ្នានេះដែរ ថៃគ្រោងនឹងចរចាតម្លៃនេះមុនការប្រកួតនឹងចាប់ផ្ដើមក្នុងខែឧសភាខាងមុខនេះ ដោយបានលើកឡើងថាតម្លៃនេះថ្លៃពេក។
ដោយឡែក អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន នាពេលថ្មីៗនេះ បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ស៊ីហ្គេមឆ្នាំ ២០២៣ ថា ៖ «ប្រទេសជាសមាជិកនឹងត្រូវបង់ថ្លៃសិទ្ធិផ្សាយតាមទូរទស្សន៍ជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក ព្រោះព្រឹត្តិការណ៍មុនៗបានផ្តល់សិទ្ធិដោយមិនគិតថ្លៃធ្វើឱ្យមានការខាតបង់ ហើយគ្រប់ប្រទេសក៏បានស្នើឱ្យកម្ពុជាចាប់ផ្តើមធ្វើរឿងមួយនេះឡើងមក»។
ទន្ទឹមនឹងនេះ អាជ្ញាធរកីឡាថៃ បានរាយការណ៍ថា តម្លៃនៃសិទ្ធិផ្សាយក្នុងពេលដែលកម្ពុជា ជាម្ចាស់ផ្ទះនេះគឺថ្លៃពេក ដូចនេះហើយពួកគេគ្រោងនឹងចរចាជាមួយកម្ពុជា ខណៈដែលប្រទេសវៀតណាម និង ប្រទេសម៉ាឡេស៊ី បានបង់សិទ្ធិផ្សាយនេះរួចរាល់ហើយ ដោយប៉ុស្តិ៍ទូរទស្សន៍វៀតណាម VTVcab នឹងចាក់ផ្សាយព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែម៉ាឡេស៊ីនៅមិនទាន់ប្រកាសពីប៉ុស្តិ៍ផ្សាយនៅឡើយទេ។
គួរបញ្ជាក់ដែរថា កន្លងមកមិនមានព្រឹត្តិការណ៍ស៊ីហ្គេមណាទាមទារបង់ថ្លៃសិទ្ធិផ្សាយនោះទេ ប៉ុន្តែកាលពីឆ្នាំ ២០០៩ ប្រទេសឡាវ បានព្យាយាមអនុវត្តទារថ្លៃសេវាសម្រាប់ផ្សាយបន្តផ្ទាល់ស៊ីហ្គេម ដោយគិតប្រាក់ចំនួន ១១ លានបាតពីប្រទេសនីមួយៗ តែគម្រោងនេះមិនបានជោគជ័យទេ។ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះនៅប្រទេសកម្ពុជា ដោយមានការប្រកួតកីឡាចំនួន ៣៦ ប្រភេទ ហើយអ្នកចូលរួមនឹងប្រកួតដណ្តើមមេដាយមាសចំនួន ៦០៨ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។
គួររំឭកដែរថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ កម្ពុជាបានបន្ថែមប្រភេទកីឡាថ្មីរួមមាន គុនខ្មែរ និង អុកចត្រង្គ ឬ អុកខ្មែរ ហើយក៏បានធ្វើការផ្លាស់ប្តូរច្បាប់មួយចំនួនផងដែរ ដូចជាការកំណត់អាយុរបស់កីឡាករបាល់ទាត់បុរសច្រើនបំផុតត្រឹម ២២ ឆ្នាំ ដែលពីមុនមកគឺ ២៣ ឆ្នាំ៕
ប្រភព ៖ Thaiger