ទុក្ខផ្ទួនៗ តួកគីរងគ្រោះរញ្ជួយដីទៀតហើយ បាក់រលំអគារសង្កត់មនុស្សស្ល-ា-.ប់ និងរបួសរាប់សិបនាក់
គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រមួយទៀតហើយ បានវាយប្រហារលើក្រុង Malatya ប្រទេសតួកគី ដែលបណ្ដាលឱ្យអគារជាច្រើនបានដួលរលំ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង ៦៩ នាក់ផ្សេងទៀតរងរបួស។
បើតាមការបញ្ជាក់ពីភ្នាក់ងារឆ្លើយតបគ្រោះអាសន្ន និង គ្រោះមហន្តរាយនៅប្រទេសតួកគី (AFAD) បានឱ្យដឹងថា គ្រោះរញ្ជួយ ដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Malatya នៅវេលាម៉ោង ១២ និង ០៤ នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលបណ្ដាលឱ្យអគារជាច្រើនបានដួលរលំ។ ជាមួយគ្នានោះដែរ ប្រធានភ្នាក់ងារ AFAD បានបញ្ជាក់ឱ្យដឹងដែរថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៦៩ នាក់បានរងរបួស ខណៈច្រើននាក់ផ្សេងទៀតកំពុងជាប់គាំងក្រោមគំនរអគារ និង កំពុងត្រូវបានក្រុមសង្គ្រោះចុះជួយរុករក។
គួររំឭកផងដែរថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ប្រទេសតួកគី បានជួបប្រទះគ្រោះរញ្ជួយដីដំបូង ដែលមានកម្លាំងខ្លាំងក្លារហូតដល់ ៧.៨ រ៉ិចទ័រ ដែលបណ្ដាលឱ្យមនុស្សជាង ៤ ម៉ឺននាក់បានបាត់់បង់ជីវិត៕