វៀតណាម ប្រកាសចាត់វិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី H5N1 ក្រោយមានករណីស្ល-ា.ប់លើកដំបូងនៅកម្ពុជា
កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម តម្រូវឱ្យគ្រប់ខេត្ត-ក្រុងទាំងអស់ក្នុងប្រទេសវៀតណាម ទប់ស្កាត់ការរត់ពន្ធសត្វបក្សីចូលប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគផ្តាសាយបក្សី H5N1 ដ៏កាចសាហាវ ក្រោយពីផ្ទុះព័ត៌មានថាប្រទេសកម្ពុជា យើងមានអ្នកស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 លើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានស្នើឱ្យគ្រប់រាជធានី-ខេត្តទាំងអស់បង្កើនការត្រួតពិនិត្យជាពិសេសនៅតាមតំបន់ព្រំដែន និង កំពង់ផែសមុទ្រ ក៏ដូចជា ផ្លូវទឹក ដើម្បីស្វែងរក និង ដោះស្រាយឱ្យបានទាន់ពេលវេលានូវការជួញដូរ ការកាប់សម្លាប់ និង ដឹកជញ្ជូនសត្វបក្សីខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ដែលបានសង្កត់ធ្ងន់ជាពិសេសចំពោះបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង។
លើសពីនេះទៅទៀត ប្រសិនបើឃើញមានការដឹកជញ្ជូនសត្វ និង ផលិតផលសត្វគ្រប់ប្រភេទ ដែលខុសច្បាប់ត្រូវតែបំផ្លាញចោលជាបន្ទាន់ ដោយរដ្ឋាភិបាលបានចាត់តាំងឱ្យមានការដឹកនាំប៉ូលិស និង កងកម្លាំងការពារព្រំដែនបើកការស៊ើបអង្កេតលើការដឹកជញ្ជូន និង ជួញដូរសត្វបក្សីឆ្លងព្រំដែន។ ចំណែកឯ ភ្នាក់ងារឃ្លាំមើលទីផ្សារក៏នឹងពង្រឹងវិធានការគ្រប់គ្រងចរាចរផលិតផលបសុបក្សីនៅវៀតណាមផងដែរ។
ដោយឡែក សម្រាប់អ្នកដែលមិនបានរាយការណ៍ករណីសង្ស័យមានជំងឺគ្រុនផ្តាសាយបក្សីរាលដាលដល់ប្រទេសវៀតណាម នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះកាលពីថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅអាជ្ញាធរកម្ពុជា បានរាយការណ៍ពីការស្លាប់របស់ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ដោយសារជំងឺ H5N1 ហើយក៏បានចាប់ផ្តើមធ្វើតេស្ដអ្នកពាក់ព័ន្ធជាមួយនាងចំនួន ១២ នាក់បន្ថែម ហើយឪពុករបស់នាងបាននឹងកំពុងបង្ហាញរោគសញ្ញា ក៏បានធ្វើតេស្តរកឃើញមេរោគនេះដែរ៕
ប្រភព ៖ Tuoi Tre News