ត្រីខ្លាធម្មជាតិពូជកម្រខ្មែរមួយក្បាល ត្រូវបុរសជនជាតិថៃម្នាក់ប្រកាសដាក់លក់ក្នុងតម្លៃជាង ១ ម៉ឺនដុល្លារ
ថ្មីៗនេះ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានបុរសម្នាក់ប្រកាសក្តែងៗលក់ត្រីខ្លាកម្រមួយក្បាលនៅតាមបណ្តាញសង្គម ព្រមទាំងដាក់តម្លៃរហូតដល់ជាងម៉ឺនដុល្លារឯណោះ។
រឿងរ៉ាវមួយនេះកើតឡើងនាប្រទេសថៃ ដែលបុរសម្នាក់នេះបានប្រកាសលក់ត្រីនៅតាមបណ្តាញសង្គមហ្វេសប៊ុកថាជាពូជត្រីខ្មែរដើមដ៏កម្រ ប្រវែងប្រហែល ២០ ខ្នាំងដៃ តម្លៃ ៤៥០ ០០០ បាត ដែលស្មើប្រមាណ ១២ ០០០ ដុល្លារ។
ការប្រកាសលក់នេះ បានធ្វើឱ្យមហាជនអ្នកចូលចិត្តចិញ្ចឹមត្រីប្លែកៗជាច្រើន បានចូលមកបញ្ចេញមតិចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនដែលសូវឃើញត្រីប្រភេទនេះឡើយ ឯចំណែកមហាជនទូទៅផ្សេងៗ ឃើញហើយបានត្រឹមឆ្ងល់ ថាត្រីនេះជាត្រីអ្វី ហេតុអ្វីមានតម្លៃថ្លៃដល់ថ្នាក់នេះ។
បើតាមព័ត៌មានបានឱ្យដឹងថា ត្រីមួយក្បាលនេះ គឺជាត្រីខ្លា ពូជត្រីខ្មែរដែលកម្រពិបាករក មានចំនួនតិចខ្លាំង ទើបមានតម្លៃខ្ពស់ទៅតាមការត្រូវការ បើជាត្រីខ្លាធម្មតាតម្លៃមិនដល់ថ្នាក់នេះនោះទេ។ ត្រីខ្លាធម្មតា និង ត្រីខ្លាពូជខ្មែរដើម មើលទៅស្រដៀងគ្នាខ្លាំងណាស់ ខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ បើមិនមែនជាមនុស្សចូលចិត្តលេងត្រីមើលប្រាកដមិនដឹងឡើយថាមួយក្បាលណាតម្លៃថោក មួយក្បាលណាតម្លៃរាប់ម៉ឺនដុល្លារនោះ។ ជួនកាល ត្រីតម្លៃថោក ស្អាតជាងត្រីតម្លៃថ្លៃទៀតក៏ថាបាន៕