កុំទុក Single យូរពេក! អាយុ ៣៨ ឆ្នាំហើយ នៅមិនចង់បានប្រពន្ធ មានអីម៉ែនាំទៅជួបគ្រូពេទ្យផ្លូវចិត្ត
អ្នកដែលនៅ Single ភាគច្រើនប្រហែលជាដឹងច្បាស់អារម្មណ៍នេះ ជាពិសេសនៅពេលដែលឪពុកម្ដាយពូមីងបងប្អូន តែងសួររឿងពេលនាយកគូស្រករ ព្រោះតែអាយុចេះតែកើនពីមួយឆ្នាំទៅមួយឆ្នាំ។
ថ្មីៗនេះ បុរសម្នាក់ឈ្មោះថា Wang អាយុ ៣៨ មកពីទីក្រុង Xinxiang ខេត្ត Henan ប្រទេសចិន បានចែករំលែករឿងរ៉ាវខ្លួនឱ្យដឹងថា ៖ «ខ្ញុំអាយុ ៣៨ ឆ្នាំហើយនៅ Single ជួបម្ដាយខ្ញុំពេលណា គាត់នាំខ្ញុំទៅរកពេទ្យផ្លូវចិត្តដើម្បីពិនិត្យម្ដងហើយម្ដងទៀត»។
Wang បានឱ្យដឹងទៀតថា ៖ «ចាប់តាំងពីចូលឆ្នាំថ្មីមកគាត់នាំខ្ញុំទៅជួបពេទ្យ ៤ ដងមកហើយ ដោយពេទ្យទាំង ៤ ប្រាប់ថាស្ថានភាពផ្លូវចិត្តខ្ញុំគ្មានប៉ះពាល់អ្វីទេ សតិអារម្មណ៍ក៏ធម្មតា សុខភាពក៏ល្អដែរមិនមានខុសប្រក្រតីទេ តែគាត់ហាក់មិនអស់ចិត្តសោះ។ តាមពិតទៅខ្ញុំធ្លាប់មានស្នេហាពីមុន តែដោយសព្វថ្ងៃនេះខ្ញុំជាគ្រូបង្រៀន Tennis ខ្ញុំចំណាយពេលជាង ១០ ម៉ោងក្នុងមួយថ្ងៃ ធ្វើឱ្យខ្ញុំពិបាកក្នុងការមានស្នេហា»។
ចំណែកម្ដាយលោក Wang បានឱ្យដឹងថា ៖ «មូលហេតុដែលគាត់នាំទៅជួបពេទ្យចិត្តសាស្ត្រដោយសង្ស័យចំណុច ៣ យ៉ាង ទី ១ គឺ Wang អត់ទាន់មានសង្សារទាំងដែលអាយុ ៣៨ ឆ្នាំហើយ ហើយអ្នកក្នុងភូមិអាយុតិចជាងនេះគេរៀបការអស់ហើយ។ ទី ២ គឺដោយសារសម្ពាធការងារនៅទីក្រុង Beijing សីលធម៌របស់ Wang ក៏ដូចធ្លាក់ចុះ។ ទី៣ ខ្លាចកូនមានបញ្ហាផ្លូវចិត្តព្រោះតែពេលខ្លះឮស្រែកឡូឡានៅផ្ទះ»៕