ក្រុមហ៊ុន Twitter បានបញ្ឈប់បុគ្គលិកប្រមាណ ២០០ នាក់បន្ថែមទៀតហើយ ក្រោយបញ្ឈប់លើមុនអស់ជិត ៤ ពាន់នាក់
សារព័ត៌មាន The Information បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ Twitter បានបញ្ឈប់បុគ្គលិកយ៉ាងហោចណាស់ ២០០ នាក់ ឬ ១០ ភាគរយបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ដែលនេះគឺជាការបញ្ឈប់បុគ្គលិកជាថ្មីម្ដងទៀតចាប់តាំងពីលោក Elon Musk បានចូលកាន់កាប់ក្រុមហ៊ុននេះកាលពីចុងខែតុលា ឆ្នាំ ២០២២។
ទន្ទឹមនេះដែរ ខាងសារព័ត៌មានក៏បានបញ្ជាក់ឱ្យដឹងទៀតថា ការកាត់បន្ថយការងារនេះបានធ្វើឱ្យប៉ះពាល់ដល់អ្នកវិភាគទិន្នន័យ និង វិស្វករបច្ចេកវិទ្យាជាច្រើន រួមទាំងក្រុមអ្នកជួយគាំទ្របច្ចេកវិទ្យាខាងផ្សាយពាណិជ្ជកម្មរបស់កម្មវិធី Twitter សំខាន់ៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសផ្សេងៗ ដែលជាផ្នែករក្សាប្រព័ន្ធ Twitter ឱ្យមានដំណើរការ។ ជុំវិញបញ្ហានេះខាងក្រុមហ៊ុន Twitter មិនបានចេញមុខឆ្លើយតបជាមួយនឹងសារព័ត៌មាននោះទេ។
គួររំឭកដែរថា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅក្រុមហ៊ុន Twitter ក៏បានបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០ នាក់ ដើម្បីកាត់បន្ថយការចំណាយ ក្រោយពីលោក Elon Musk បានទិញក្រុមហ៊ុននេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយការកាត់បន្ថយការងារលើកចុងក្រោយនេះ គឺមានគោលបំណងទូទាត់ប្រាក់ចំណូល ដែលធ្លាក់ចុះបន្ទាប់ពីការកាន់កាប់របស់ Musk៕
ប្រភព ៖ Reuters