ក្រុមហ៊ុន Netflix ត្រៀមបញ្ចុះតម្លៃសម្រាប់អតិថិជនជាង ៣០ ប្រទេស
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Netflix Inc (NFLX.O) ដែលជាក្រុមហ៊ុនកំពុងដំណើរការក្នុងប្រទេសជាង ១៩០ ប្រទេស បានប្រកាសនឹងទម្លាក់ថ្លៃនៃការភ្ជាប់គម្រោងរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសមួយចំនួន ព្រោះភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ និង ដើម្បីរក្សាកំណើនអតិថិជន ស្របពេលដែលការប្រកួតប្រជែងមានការលំបាក។
យ៉ាងណាមិញ ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះជិត ៥ ភាគរយ ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនក៏បានមើលឃើញពីការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្ម Stream នេះ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ភាគច្រើនបានបញ្ឈប់ការទិញចុះឈ្មោះចូលមើលរឿងនៅក្នុង Netflix ដើម្បីកាត់បន្ថយការចំណាយ ព្រោះពួកគេខ្លាចវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតមានឡើង ហើយនេះគឺជាមូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុននេះពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ។
ដោយឡែក បើយោងតាមកាសែត Wall Street Journal បានចុះផ្សាយថា ការបញ្ចុះតម្លៃបានធ្វើឡើងនៅក្នុងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា តំបន់សាហារ៉ាអាហ្វ្រិក អាមេរិកឡាទីន និង តំបន់អាស៊ី ដែលការបញ្ចុះតម្លៃនេះមិនទាន់អាចបញ្ជាក់បានថា ក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែក្នុងករណីខ្លះ តម្លៃអាចត្រូវបានកាត់បន្ថយដល់ទៅពាក់កណ្តាល។
ក្រុមហ៊ុន Netflix ក៏បាននឹងកំពុងសម្លឹងរកមើលការបង្កើនចំនួនអ្នកប្រើប្រាស់របស់ខ្លួនក្នុងតំបន់អន្តរជាតិថ្មីៗផងដែរ ខណៈដែលទីផ្សារសហរដ្ឋអាមេរិក និង កាណាដាមានការថយចុះជាគំហុក។ ហើយកាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការ ដើម្បីបញ្ឈប់ការចែករំលែក Password ឬ ពាក្យសម្ងាត់សម្រាប់គណនីនៅលើកម្មវិធីរបស់ខ្លួន ព្រោះតែចំនួនអ្នកប្រើប្រាស់មានដល់ទៅ ៧.៦ លាននាក់ ស្របពេលដែលចំនួនអ្នកបង់ប្រាក់មិនមានការកើនឡើងទាល់តែសោះ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រុមហ៊ុនបានលើកឡើងថា ៖ «យើងតែងតែស្វែងរកវិធីកែលម្អបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់របស់យើង។ ហើយយើងក៏កំពុងកែប្រែតម្លៃនៃគម្រោងរបស់យើងនៅក្នុងប្រទេសមួយចំនួន»។ ប៉ុន្តែអ្នកនាំពាក្យមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមពីតម្លៃបានទេ៕
ប្រភព ៖ Reuters