ឆ្មាជ្រុះរោមពេក ម្ដាយគំរាមយកទៅលែងចោល កូនប្រុសឮហើយរត់វឹងទៅឱបឆ្មាយំពោលពាក្យរំជួលចិត្ត
អ្នកដែលធ្លាប់ចិញ្ចឹមសត្វឆ្មាមុខជាដឹងច្បាស់ ថារោមរបស់សត្វឆ្មាគឺតែងជ្រុះជាប្រចាំ ដោយពេលខ្លះវាអាចហុយជាប់លើខោអាវ សាឡុង ឬពូកក៏មាន ដែលជាហេតុធ្វើឱ្យម្ចាស់សត្វចិញ្ចឹមហាក់ឈឺក្បាលក្នុងការសម្អាត និង ថែទាំ។
ថ្មីៗនេះ មានករណីម្ដាយនិយាយលេងបែបគំរាមថា «បើនៅតែជ្រុះរោមទៀត និង ឈប់ចិញ្ចឹមហើយយកទៅលែងចោលហើយ» ដែលជាហេតុធ្វើឱ្យកូនប្រុសជាម្ចាស់សត្វឆ្មានោះឮហើយក៏រត់ទៅឱបហើយយំ ហើយពោលថា៖ «Xiaotugan (ឈ្មោះឆ្មា) ខ្ញុំសុំអង្វរឯង កុំជ្រុះរោមទៀតណា ខ្ញុំមិនចង់ឱ្យឯងត្រូវបណ្ដេញចេញពីផ្ទះទេ»។
ក្រោយឃើញបែបនេះមហាជនជាច្រើនហាក់រំជួលចិត្តតាម ចំពោះទឹកចិត្តស្រឡាញ់សត្វចិញ្ចឹមរបស់ក្មេងប្រុសរូបនោះ។ យ៉ាងណាមិញ ម្ដាយក្មេងប្រុសនោះបានបកស្រាយថា៖ «តាមពិតទៅខ្ញុំគ្រាន់តែនិយាយគំរាមលេងសើចទេ ខ្ញុំគ្រាន់តែខឹងនឹងការសម្អាតរោមរបស់វាដែលជ្រុះស្ទើរគ្រប់កន្លែង ខ្ញុំគ្មានបំណងយកវាទៅចោលនោះទេ យើងចិញ្ចឹមវាតាំងពីតូចមកម្ល៉េះ ហើយកូនប្រុសខ្ញុំស្រឡាញ់ Xiaotugan ខ្លាំងណាស់។ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែមិនដាច់ចិត្តគឺពេលថាហើយ ស្រាប់តែឃើញកូនប្រុសរត់ទៅឱបឆ្មាយំហើយនិយាយថា កុំជ្រុះរោមទៀត បើឯងនៅជ្រុះរោមទៀត ឯងនឹងត្រូវម៉ាក់ទាត់ចេញពីផ្ទះ»៕