ផ្ទុះការរិះគន់ព្រាត! ឪពុកម្ដាយចិត្តដាច់បណ្ដេញកូនអាយុ ១៤ ឆ្នាំចេញពីផ្ទះ ព្រោះតែរៀនជាប់លេខ ៤
ថ្មីៗនេះ រឿងរ៉ាវឪពុកម្ដាយចិត្តបណ្តេញកូនចេញពីផ្ទះទាំងកណ្ដាលយប់ ព្រោះតែរៀនជាប់លេខ ៤ ក្នុងចំណោមសិស្ស ២០ នាក់ ហាក់ធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្តជាខ្លាំង។
រឿងមួយនេះ បានកើតឡើងនៅឯតំបន់ Yunan ប្រទេសចិន កាលពីយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រោយប៉ូលិសបានរកឃើញ ក្មេងប្រុសម្នាក់ដើរយំតែម្នាក់ឯងទាំងកណ្ដាលយប់ នៅក្រោមស្ពានមួយកន្លែងជាមួយនឹងកាតាបស្ពាយ ដែលទំនងជាសិស្សទើបចេញពីរៀន។
ក្រោយធ្វើការសាកសួរ ក្មេងប្រុសរូបនោះបានរៀបរាប់ឱ្យដឹងថា៖ «ថ្ងៃនេះខ្ញុំបានយកលទ្ធផលការប្រលងឆមាសរបស់ខ្ញុំឱ្យឪពុកម្ដាយខ្ញុំមើល ហើយខ្ញុំបានពិន្ទុ ៦៣០ លើពិន្ទុសរុប ៧០០ ដែលធ្វើឱ្យខ្ញុំជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមសិស្សសរុប ២០នាក់។ ក្រោយឃើញលទ្ធផលប្រឡងរបស់ខ្ញុំ ពួកគាត់ខឹងជាខ្លាំងហើយបានឱ្យខ្ញុំចេញពីផ្ទះ ខ្ញុំពិតជាអន់ចិត្តណាស់បើទោះបីខ្ញុំធ្វើបានពិន្ទុល្អប៉ុនណាក៏ខ្ញុំនៅតែទទួលបានការស្ដីបន្ទោស ហើយមិនដែលធ្វើឱ្យពួកគាត់ពេញចិត្តនោះទេ»។
ក្រោយសួរនាំក្មេងប្រុសរូបនោះ ត្រូវបានប៉ូលិសនាំយកទៅប៉ុស្តិ៍ប៉ូលិសដើម្បីទាក់ទងឪពុកម្ដាយក្មេងមកណែនាំ និងយកគេត្រឡប់ទៅផ្ទះវិញ។
យ៉ាងណាមិញ គេសង្កេតឃើញថា មានមហាជនជាច្រើនហាក់មិនពេញចិត្តនឹងទង្វើនេះសោះឡើយ ដោយគេបានរកឃើញថា ករណីឪពុកម្ដាយដាក់សម្ពាធលើការសិក្សារបស់កូនៗក្នុងប្រទេសចិននៅតែធ្ងន់ធ្ងរខ្លាំង ដោយកាលពីដើមខែមករាកន្លងទៅនេះធ្លាប់មានករណីក្មេងស្រីអាយុ ៩ ឆ្នាំត្រូវឪពុកម្ដាយមិនឱ្យចូលផ្ទះ ព្រោះតែមិនធ្វើកិច្ចការសាលារបស់ខ្លួន។ ហើយធ្លាប់មានករណីធ្ងន់ធ្ងរ ដោយឪពុកបានចាក់សម្លាប់កូនប្រុសអាយុ ១៣ ឆ្នាំរបស់ខ្លួនដល់ស្លាប់ ព្រោះតែរៀនបានពិន្ទុទាប៕