កំពុងដេកលក់សុខៗ បើកភ្នែកមកស្រាប់តែឃើញខ្លាជ្រងោឈរនៅចុងគ្រែ
នៅថ្មីៗនេះ មានរឿងរ៉ាវរបស់ស្រ្តីម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដែលកំពុងដេកសុខៗស្រាប់តែលេចកូនខ្លាមួយក្បាលមកនៅចុងគ្រែ តែនាងមិនខ្ចីខ្លាចបែរជាលូកដៃទៅចាប់អង្អែលនិយាយជាមួយយ៉ាងស្និទ្ធស្នាល មិនគួរឱ្យជឿ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា តាមពិតទៅនារីរូបនេះគឺជាអ្នកថែរក្សាសត្វខ្លា នៅសួនសត្វមួយកន្លែងនាខេត្តហឺណាន ប្រទេសចិន ហើយនៅថ្ងៃកើតហេតុខណៈកំពុងដេកសុខៗ ស្រាប់តែមានកូនខ្លាអាយុ ៦ ខែមួយក្បាល ចូលមកក្នុងបន្ទប់របស់នាង រួចក៏ដើរមកក្បែរគ្រែនាងកំពុងដេក។
នាងបានឱ្យដឹងថា តាមពិតទៅកូនខ្លាមួយក្បាលនេះ វាមិនសូវស្រួលខ្លួន ទើបវារត់មករកនាងឱ្យមើលថែ ដូចជាពេលក្មេងៗឈឺ ហើយង៉ិកង៉ក់រត់ទៅរកមនុស្សចាស់ដូច្នោះឯង។ វាចង់ឡើងទៅលើគ្រែជាមួយនាង ដោយធ្វើចរិតកាយវិការយ៉ាងគួរឱ្យស្រឡាញ់ តែនាងមិនព្រមនោះទេ គ្រាន់តែអង្អែលបន្តិចបន្តួចរួចដេញវាឱ្យទៅកន្លែងដេករបស់វាវិញ។
យ៉ាងណាមិញ ក្រោយពីវីដេអូរបស់កូនខ្លាមួយនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម មានមហាជនជាច្រើនបានចូលមកបញ្ចេញមតិដោយក្តីក្នាញ់ស្រឡាញ់ជាមួយកូនខ្លានេះ មានអ្នកខ្លះថា ថែមទាំងថាវាគួរឱ្យស្រឡាញ់ជាងឆ្មារបស់ខ្លួនទៀតផង៕