ប្រញាប់ឡើង! អាជ្ញាធរអប្សរា ប្រកាសជ្រើសរើសបុគ្គលិក និង ភ្នាក់ងារទេសចរជាច្រើននាក់
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានប្រកាសជ្រើសរើសបុគ្គលិកចំនួន ៥ រូប ដើម្បីជំនួសបុគ្គលិក និង ភ្នាក់ងារ ដែលបានលាឈប់ពីការងារ។
អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់សាធារណជន ជាពិសេសសិស្ស និស្សិត ឱ្យបានដឹងថា អាជ្ញាធរជាតិអប្សរា ត្រូវការបុគ្គលិក និង ភ្នាក់ងារចំនួន ៥ រូប ដើម្បីជំនួសបុគ្គលិក និង ភ្នាក់ងារទេសចរ ដែលបានលាឈប់ពីការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង វប្បធម៌ ដោយការជ្រើសរើសនេះត្រូវការបុគ្គលិកកម្រិតបរិញ្ញាបត្រ ២ រូប ភ្នាក់ងារទេសចរកម្រិតមធ្យមសិក្សាទុតិយភូមិ ២ រូប និង បុគ្គលិកយាមប្រចាំការកម្រិតមធ្យមសិក្សាទុតិយភូមិចំនួន ១ រូប។
ដោយឡែក លក្ខខណ្ឌជ្រើសរើសគឺ មានកម្រិតសញ្ញាបត្របរិញ្ញាបត្រ និង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមានតម្លៃស្មើ ប៉ុន្តែចំពោះបុគ្គលិកយាម ពុំតម្រូវមានសញ្ញាបត្រទេ ដោយគ្រាន់តែចេះអាន និង សរសេរបាន។ លើសពីនេះទៅទៀត បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ មានសុខភាពល្អ មានលំនៅដ្ឋានក្នុងឧទ្យានអង្គរត្រូវបានផ្ដល់អាទិភាព ហើយបើមានបទពិសោធការងារផ្នែកសារមន្ទីរ និង ចំណេះដឹងភាសាបរទេសត្រូវបានលើទឹកចិត្ត។
សម្រាប់ទីកន្លែងទទួលពាក្យគឺនៅនាយកដ្ឋានរដ្ឋបាល និង បុគ្គលិកនៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអាននៅក្នុងសេចក្ដីជូនដំណឹង ដែលមានភា្ជប់ជូនខាងក្រោម៕